រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto នៅថ្ងៃចន្ទ (ទី១៨ ខែសីហា) នេះ បាននិយាយថា លំហូរប្រេងឆៅរបស់រុស្ស៊ីទៅកាន់ប្រទេសហុងគ្រី ត្រូវបានផ្អាក បន្ទាប់ពីអ៊ុយក្រែនបានវាយប្រហារស្ថានីយបំប្លែងភ្ជាប់ទៅកាន់បំពង់បង្ហូរប្រេង Druzhba។
ហុងគ្រីនាំចូលប្រេងឆៅភាគច្រើនរបស់ខ្លួន តាមរយៈបំពង់បង្ហូរប្រេង Druzhba ដែលបញ្ជូនប្រេងឆៅរុស្ស៊ីឆ្លងកាត់បេឡារុស និងអ៊ុយក្រែនទៅកាន់ហុងគ្រី ហើយក៏ស្លូវ៉ាគីផងដែរ។
លោក Szijjarto បានសរសេរនៅលើបណ្ដាញសង្គម Facebook ថា លោកបានពិភាក្សាជាមួយអនុរដ្ឋមន្ត្រីថាមពលរុស្ស៊ី លោក Pavel Sorokin ដែលបានប្រាប់លោកថា អ្នកជំនាញកំពុងធ្វើការ ដើម្បីស្ដារស្ថានីយបំប្លែងឡើងវិញ ប៉ុន្តែវាមិនទាន់ច្បាស់ទេថា តើនៅពេលណាដែលការបញ្ជូននឹងចាប់ផ្ដើមមានឡើងវិញនោះ។

លោក Szijjarto បានសរសេរថា៖ «ការវាយប្រហារចុងក្រោយលើសន្តិសុខថាមពលរបស់យើង គឺជាសកម្មភាពគួរឲ្យខឹងសម្បា និងមិនអាចទទួលយកបាន»។ តែយ៉ាងណាក្ដី លោកមិនបានផ្តល់ព័ត៌មានលម្អិត អំពីទីតាំង ឬពេលវេលានៃការវាយប្រហារនោះឡើយ។
ក្រសួងការពារជាតិ និងកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន និងក្រុមហ៊ុនប្រេងហុងគ្រី MOL មិនបានឆ្លើយតបភ្លាមៗនោះឡើយ សម្រាប់សំណើសុំការអត្ថាធិប្បាយ។ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗនោះដែរ ពីរោងចក្រចម្រាញ់ប្រេង Slovnaft របស់ស្លូវ៉ាគី ដែលទទួលបានប្រេងឆៅរុស្ស៊ី តាមរយៈបំពង់បង្ហូរប្រេងតែមួយនេះ៕
