សហរដ្ឋអាមេរិក៖ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ប្រមុខការទូតអាមេរិកលោក Antony Blinken នឹងជួបសមភាគីរុស្ស៊ីលោក Sergei Lavrov នៅថ្ងៃសុក្រសប្ដាហ៍នេះនៅទីក្រុងហ្សឺណែវ ក្នុងក្ដីសង្ឃឹមថានឹងអាចទម្លាយភាពជាប់គាំងខាងការទូតចំពោះវិបត្តិអ៊ុយក្រែន ប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងម៉ូស្គូបានច្រានចោលការជជែកពិភាក្សាថ្មីៗបន្ថែមទៀតស្ដីពីបញ្ហាអ៊ុយក្រែន ល្គឹកណាតែប្រទេសលោកខាងលិចឆ្លើយតបការទាមទាររបស់ខ្លួនជាមុនសិន។
ខណៈដែលរុស្ស៊ីដាក់ពង្រាយកងទ័ពជាង ១០ម៉ឺននាក់នៅតាមបណ្ដោយព្រំដែនអ៊ុយក្រែន កិច្ចខិតខំប្រឹងប្រែងនានាបានកើនឡើងដើម្បីទប់ស្កាត់ការផ្ទុះជម្លោះ ហើយលោក Blinken កំពុងធ្វើដំណើរទៅកាន់ទីក្រុងគៀវ (Kyiv) របស់អ៊ុយក្រែនសម្រាប់ការពិភាក្សាផ្សេងៗនៅថ្ងៃពុធនេះ។ ដំណើររបស់លោកដែលនឹងនាំរូបលោកទៅកាន់ទីក្រុងប៊ែរឡាំង សម្រាប់ជំនួបនានាផងដែរនៅថ្ងៃព្រហស្បតិ៍ជាមួយបណ្ដាសម្ព័ន្ធមិត្តអឺរ៉ុប គឺជាភាពប្រញាប់ប្រញាល់ខាងការទូតចុងក្រោយបំផុតក្នុងការទប់ស្កាត់ភាពតានតឹង ជុំវិញបញ្ហាអ៊ុយក្រែនកុំឲ្យរីករាលដាលក្លាយជាសង្គ្រាមថ្មីនៅក្នុងតំបន់អឺរ៉ុប។ មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារដោយសុំមិនបញ្ចេញឈ្មោះថា លោក Blinken មានការប្តេជ្ញាចិត្ត ១៥០% ដើម្បីពិនិត្យមើលថា តើមានច្រកការទូតនៅទីនេះដែរឬទេ ហើយនោះពិតជាកម្លាំងជំរុញនៅពីក្រោយជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Lavrov ដែរឬយ៉ាងណា។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការវាយប្រហារដ៏មានសក្តានុពលលើអ៊ុយក្រែនដែលអាចកើតឡើងនៅ "ចំណុចណាមួយ" ដោយព្រមានថា ការឆ្លើយតបរបស់សហរដ្ឋអាមេរិកនឹងរួមបញ្ចូលជម្រើសទាំងអស់។ "គ្មានជម្រើសណាមួយត្រូវបានលើកមកពិភាក្សាទេ" និងព្រមានអំពី "ស្ថានភាពដ៏គ្រោះថ្នាក់បំផុត"។ លោកBlinken ក៏បានរិះគន់ផងដែរពីទាហានរបស់រុស្ស៊ីដែលនឹងធ្វើសមយុទ្ធនៅក្នុងប្រទេសបេឡារុស្ស៕
អត្ថបទ៖ សុខមាន