នគរបាលក្នុងតំបន់ និងក្រុមពន្លត់អគ្គិភ័យ បានឲ្យដឹងថា អ្នកពន្លត់អគ្គិភ័យ ២នាក់ បានបាត់បង់ជីវិត និង ៤នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍ឆាបឆេះអគារមួយ នាថ្ងៃចន្ទ (ទី១៨ ខែសីហា) នេះ នៅក្នុងសង្កាត់ផ្សារទំនើប Dotonbori នៃទីក្រុង Osaka។
អគ្គិភ័យបានចាប់ផ្តើមឆាបឆេះឡើងក្នុងអគារមួយ នៅភាគខាងលិចនៃតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ទីក្រុងនៃប្រទេសជប៉ុនមួយនេះ ហើយបានរាលដាលដល់សំណង់អាគារដែលនៅជាប់គ្នា។ អ្នកពន្លត់អគ្គិភ័យ បានជាប់នៅក្នុងអគារដែលកំពុងត្រូវបានអណ្តាភ្លើងឆាបឆេះនោះ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាកន្លែងដែលគេប្រកាសថា ជនរងគ្រោះបានស្លាប់ហើយ។
មូលហេតុនៃការឆេះនេះ មិនទាន់ដឹងនៅឡើយទេ។ នាយកដ្ឋានពន្លត់អគ្គិភ័យ ក្នុងតំបន់ បានទទួលទូរសព្ទគ្រាអាសន្ន ដែលរាយការណ៍ពីអគ្គិភ័យនោះ នៅម៉ោងប្រហែល និង ៥០នាទីព្រឹក (ម៉ោងក្នុងស្រុក)។
យោងតាមនគរបាលប្រចាំខេត្ត Osaka បានឲ្យដឹងថា អ្នកពន្លត់អគ្គិភ័យ ៣នាក់ផ្សេងទៀត និងស្ត្រីម្នាក់បានរងរបួសដែលមិនគំរាមកំហែងដល់អាយុជីវិត ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
សំណុំផ្សែងខ្មៅត្រូវបានគេឃើញហុយទ្រលោមចេញពីអគារនោះ ដោយមានហ្វូងមនុស្សឆ្លងកាត់ និងអ្នកទេសចរឈប់មើលអ្នកពន្លត់អគ្គិភ័យ ដែលកំពុងប្រឹងប្រែងពន្លត់អណ្ដាតភ្លើងនោះ៕