ទីភ្នាក់ងារនគរបាលជាតិកូរ៉េ នាថ្ងៃចន្ទ (ទី១៨ ខែសីហា) ណេះ បានប្រាប់ឲ្យដឹងថា នគរបាលកូរ៉េខាងត្បូង នឹងចាប់ផ្តើមប្រតិបត្តិការបង្ក្រាបពិសេសរយៈពេល ១០០ថ្ងៃ លើការរំលោភបំពានលើពលករអន្តោប្រវេសន៍។
ភ្នាក់ងារនគរបាលប្រចាំតំបន់ចំនួន ១៨ របស់កូរ៉េខាងត្បូង បានបង្កើតអង្គភាពពិសេស ដែលនឹងប្រតិបត្តិការរហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីស៊ើបអង្កេតករណីនៃអំពើហិង្សា ការវាយដំ ការបង្ខាំងទុក ការបង្ខិតបង្ខំ ការប្រមាថកាតទាន ការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។
គំនិតផ្តួចផ្តើមនេះកើតឡើងបន្ទាប់ពីមានការខឹងសម្បាទូទាំងប្រទេស ជុំវិញវីដេអូដែលបង្ហាញពីកម្មករស្រីលង្កាម្នាក់ ត្រូវបានចងជាប់នឹងឧបករណ៍លើករបស់គ្រឿងចក្រលើកអីវ៉ាន់ ហើយត្រូវបានលើកផុតពីដី។
ហេតុការណ៍នោះបានកើតឡើងនៅរោងចក្រឥដ្ឋមួយកន្លែង ក្នុងទីក្រុង Naju ខេត្ត South Jeolla ជាកន្លែងដែលជនជាតិស្រីលង្កាធ្វើការនៅទីនោះទើបបាន ៣ខែ ត្រូវបានសង្ស័យថា រងការធ្វើទារុណកម្មដោយអ្នកបើកបរគ្រឿងចក្រលើកឥវ៉ាន់វ័យ ៥០ជាង បន្ទាប់ពីមានកំហុសពេលធ្វើការងារ។
អង្គភាពនគរបាល នឹងកំណត់អត្តសញ្ញាណករណីដែលអាចកើតមាន ដោយវិភាគលើការហៅទូរសព្ទគ្រាអាសន្នលេខ ១១២ និងការប្រមូលព័ត៌មានពីមជ្ឈមណ្ឌលគាំទ្រពលករបរទេសដែលគ្រប់គ្រងដោយអង្គការមិនមែនរដ្ឋាភិបាល និងអង្គការពហុវប្បធម៌។ អង្គភាពនេះនឹងបើកការស៊ើបអង្កេតនៅពេលចាំបាច់។
អាជ្ញាធរក៏នឹងបង្កើតផងដែរនូវបណ្តាញទូរសព្ទទាក់ទងបន្ទាន់ជាមួយក្រសួងការងារកូរ៉េខាងត្បូង ដើម្បីចុះត្រួតពិនិត្យរួមគ្នានៅនឹងកន្លែង ហើយជូនដំណឹងជាបន្ទាន់ដល់ក្រសួង អំពីករណីដែលស្ថិតនៅក្រោមយុត្តាធិការរបស់ខ្លួន ដូចជាប្រាក់ឈ្នួលមិនទាន់បើកជាដើម៕