ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានធ្វើដំណើរទៅកាន់ប្រទេសអាមេនី នៅថ្ងៃចន្ទ (ទី១៨ ខែសីហា) នេះ ដើម្បីពិភាក្សាអំពីគម្រោងច្រករបៀង ដែលតភ្ជាប់ប្រទេសអាស៊ែបៃហ្សង់ជាមួយនឹងតំបន់ត្រូវបានហ៊ុមព័ទ្ធរបស់ប្រទេសនេះ នៅជិតព្រំដែនជាមួយអ៊ីរ៉ង់ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពចុះហត្ថលេខា នៅសេតវិមាន។
នៅមុនពេលចេញដំណើរតាមការគ្រោងទុក ដែលរួមមានដំណើរទស្សនកិច្ចទៅប្រទេសបេឡារុសផងដែរនោះ លោក Pezeshkian បាននិយាយថា៖ «វត្តមានរបស់ក្រុមហ៊ុនអាមេរិកនៅក្នុងតំបន់នេះ គឺជារឿងគួរឲ្យព្រួយបារម្ភ»។ លោកបានបន្ថែមថា៖ «យើងនឹងពិភាក្សាវា (ជាមួយមន្ត្រីអាមេនី) និងបង្ហាញពីការព្រួយបារម្ភរបស់យើង»។
គួរបញ្ជាក់ថា ច្រករបៀងផ្លូវគោកដែលត្រូវបានគេហៅថា «ផ្លូវ Trump សម្រាប់សន្តិភាព និងវិបុលភាពអន្តរជាតិ» (TRIPP) គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាកាលពីដើមខែនេះ នៅទីក្រុងវ៉ាស៊ីនតោន រវាងអាមេនី និងអាស៊ែបៃហ្សង់។
នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកនឹងរក្សាសិទ្ធិអភិវឌ្ឍន៍ សម្រាប់ផ្លូវដែលត្រូវបានស្នើឡើង ដើម្បីតភ្ជាប់ប្រទេសអាស៊ែបៃហ្សង់ ទៅកាន់តំបន់ត្រូវបានហ៊ុមព័ទ្ធ Nakhchivan របស់ប្រទេសនេះ ដោយឆ្លងកាត់នៅជិតព្រំដែនអ៊ីរ៉ង់។
អ៊ីរ៉ង់បានប្រឆាំងជាយូរមកហើយគម្រោងធ្វើផ្លូវឆ្លងកាត់ ដែលត្រូវបានគេស្គាល់ផងដែរថា ជាច្រករបៀង Zangezur ដោយភ័យខ្លាចថា វានឹងកាត់ផ្តាច់ប្រទេសចេញពីអាមេនី និងប្រទេសតំបន់កូកាសផ្សេងទៀត ខណៈពេលដែលនាំយកកងកម្លាំងបរទេសដែលមានអរិភាពមកជិតព្រំដែនរបស់ខ្លួន៕