នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានធ្វើដំណើរទៅដល់ទីក្រុងញូវដែល្លី មុនជំនួបរបស់លោកជាមួយសមភាគីឥណ្ឌាលោក Subrahmanyam Jaishankar ។
នេះគឺជាជំនួបលើកទី ២ ចាប់តាំងពីការប៉ះទង្គិចស្លាប់មនុស្សកាលពីឆ្នាំ ២០២០ រវាងទាហានឥណ្ឌា និងទាហានចិននៅតាមតំបន់ព្រំដែន ។
ក្រសួងការបរទេសឥណ្ឌានិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា សូមស្វាគមន៍ការមកដល់របស់រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ពេលលោកធ្វើដំណើរទៅដល់ទីក្រុងញូវដែល្លី ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ។ វាគឺជាការចូលរួមដ៏សំខាន់របស់ក្រុមតំណាងឥណ្ឌា-ចិន ហើយនិងទំនាក់ទំនងទ្វេភាគីនារយៈពេល ២ថ្ងៃបន្ទាប់ខាងមុខនេះ ។
គួរឲ្យដឹងថា ទំនាក់ទំនងប្រទេសយក្សប្រចាំអាស៊ីទាំង ២ ចាប់ផ្តើមល្អប្រសើរឡើងវិញ ចាប់តាំងកិច្ចព្រមព្រៀងកាលពីខែតុលា ឆ្នាំមុន លើការល្បាតព្រំដែនតំបន់ភ្នំហិម៉ាឡៃរបស់ពួកគេ ជាការបន្ធូរបន្ថយភាពជាប់គាំងរយៈពេល ៥ឆ្នាំដែលបានធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្ម ការវិនិយោគទុន និងការធ្វើដំណើរតាមផ្លូវអាកាសប្រទេសទាំង ២ ។
ដោយឡែក នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi គ្រោងនឹងជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping នាដំណាច់ខែនេះ ពេលដែលលោកធ្វើដំណើរទៅកាន់ប្រទេសចិន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកក្នុងរយៈពេល ៧ឆ្នាំ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការក្រុងសៀងហៃ ដែលជាប្លុកសន្តិសុខក្នុងតំបន់ ៕