សារព័ត៌មានក្នុងស្រុករាយការណ៍ថា ភ្នាក់ងារពន្លត់អគ្គិភ័យ ២នាក់ បានស្លាប់ និងមនុស្សយ៉ាងហោច ៤នាក់ផ្សេងទៀត រងរបួសក្នុងហេតុការណ៍អគ្គិភ័យដែលបានឆាបឆេះឡើងនាថ្ងៃចន្ទនេះ នៅសង្កាត់ផ្សារទំនើប Dotonbor ស្ថិតក្នុងទីក្រុង Osaka ប្រទេសជប៉ុន ។
នគរបាលនិយាយថា អគ្គិភ័យនេះ បានឆាបឆេះឡើងនៅវេលាម៉ោង ៩ និង ៥០នាទីព្រឹក ម៉ោងក្នុងស្រុកនៅអគារធុរកិច្ច និងភោជនីយដ្ឋានកម្ពស់ ៧ជាន់ ។ អគ្គីភ័យនេះ បានឆាបឆេះនៅជាន់ទី ១ ហើយនិងរីករាលដាលពេញប្លុកអគារតែម្តង ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យដែលបាត់បង់ជីវិតរបស់ពួកគេ ត្រូវបានគេរាយការណ៍ថា បានជាប់ខ្លួននៅលើអគារជាន់ទី ៦ អំឡុងពេលប្រតិបត្តិការពន្លត់អគ្គិភ័យ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និយាយប្រាប់សារព័ត៌មានក្នុងស្រុកថា មនុស្ស ៤នាក់ផ្សេងទៀត ដែលបានរងរបួស គឺជាភ្នាក់ងារពន្លត់អគ្គិភ័យផងដែរ ប៉ុន្តែស្ថានភាពរបស់ពួកគេ ពុំស្ថិតក្នុងគ្រោះថ្នាក់នោះទេ ។
ដោយឡែក មូលហេតុបណ្តាលឲ្យអគ្គិភ័យនេះ កើតឡើង កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយក្រុមអាជ្ញាធរក្នុងស្រុក ៕