បាល់ឱប៖ សហព័ន្ធកីឡាបាល់ឱបកម្ពុជាបានប្រកាសនឹងរៀបចំ ការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅទីលានបាល់ទាត់វិទ្យាល័យ ជា ស៊ីម បឹងកេងកង រាជធានីភ្នំពេញ។ លោក ពេជ្រ រតនា អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា បន្ទាប់ពីការជូនដំណឹង សហព័ន្ធបានទទួលពាក្យក្រុមចូលរួមសរុប ១០ក្រុមដើម្បីប្រជែងជើងឯកថ្នាក់ជាតិនាចុងសប្ដាហ៍នេះ រួមមានក្រុមឈុតធំ ៥ក្រុម, ក្រុមនាទី ២ក្រុម និងក្រុមយុវជន ៣ក្រុម។

លោកបន្ដថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះរៀបចំឡើងតាមលក្ខណៈបច្ចេកទេស និងស្ដង់ដារដើម្បីស្វែងរកធនធានកីឡាករ-កីឡាការិនីប្រកបដោយគុណភាព សម្រាប់ត្រៀមលក្ខណៈឲ្យបានរឹងមាំក្នុងគោលដៅ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ គួរបញ្ជាក់ថា មុនឈានដល់ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នេះ សហព័ន្ធក៏បានរៀបចំនូវវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលកម្រិត១ ដើម្បីត្រៀមចូលរួមបម្រើការងារក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ហើយក៏ជាឱកាសអភិវឌ្ឍន៍សមត្ថភាព និងបច្ចេកទេសបន្ថែមទៀត ដើម្បីឈានទៅរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ៕
អត្ថបទ៖ លី ឈុនឡា