ក្រុមអាជ្ញាធរអេស្ប៉ាញនិយាយនៅថ្ងៃចន្ទនេះថា ពួកគេព្យាយាមពន្លត់ភ្លើងឆេះព្រៃ ដោយមានជំនួយអន្តរជាតិច្រើនបំផុត រួមទាំងយន្តហោះពន្លត់អគ្គិភ័យ និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យពីកម្មវិធីយន្តហោះការពារស៊ីវិលសហភាពអឺរ៉ុប ។
ភ្លើងឆេះព្រៃប្រហែល ២៣កន្លែង បង្កឡើងដោយសាររលកកម្តៅធ្ងន់ធ្ងររយៈពេល ១៦ថ្ងៃ បានបំផ្លិចបំផ្លាញដីព្រៃ១១៥.០០០ហិចតា នៅតំបន់ Galicia, Castile និងតំបន់ Leon រយៈពេលជាង ១សប្តាហ៍កន្លងមកនេះ ។
លោក Javier Rodriguez គឺជាប្រធានផ្នែកផលិតនៃទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ និយាយថា រលកកម្តៅនឹងបញ្ចប់នៅថ្ងៃចន្ទនេះ ក្រោយរយៈពេល ១៦ថ្ងៃ ដែលធ្វើឲ្យវាក្លាយជារលកកម្តៅរយៈពេលយូរបំផុតទី ៣នៅក្នុងប្រវត្តិសាស្រ្ត ។
ខណៈពេលនោះដែរ កងទ័ពអេស្ប៉ាញ បានដាក់ពង្រាយទាហាន ១.៩០០នាក់ ដើម្បីជួយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ។
ក្រសួងមហាផ្ទៃអេស្ប៉ាញនិយាយថា មនុស្ស ២៧នាក់ ត្រូវបានចាប់ខ្លួន និងមនុស្ស ៩២នាក់ផ្សេងទៀត ស្ថិតក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងករណីសង្ស័យពីកាលួចដុតបណ្តាលឲ្យកើតមានភ្លើងឆេះព្រៃ ចាប់តាំងពីខែមិថុនារហូតមក ។
សូមបញ្ជាក់ថា តំបន់ភាគខាងត្បូងអឺរ៉ុប ប្រឈមនឹងរដូវភ្លើងឆេះព្រៃដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ ក្នុងនោះអេស្ប៉ាញស្ថិតក្នុងចំណោមប្រទេសរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុតដោយសារភ្លើងឆេះព្រៃ ៕