បាល់ទាត់៖ ក្រុមជើងឯកបាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations បួនសម័យហ្កាណាបានហាលអាវត្រឹមវគ្គវិលជុំក្នុងពូល បន្ទាប់ពីចាញ់ក្រុមដែលបង្ហាញខ្លួនដំបូងក្នុងព្រឹត្តិការណ៍កោះកូម៉ូរ៉ូស ៣-២ គួរឱ្យភ្ញាក់ផ្អើល។ Andre Ayew របស់ហ្កាណាទទួលបានកាតក្រហមនៅនាទីទី២៥ ខណៈកោះកូម៉ូរ៉ូសបាននាំមុខមុន ២-០ គិតត្រឹមនាទីទី៦១ មុនពេលដែលហ្កាណាតាមស្មើវិញ ២-២ នៅនាទីទី៦៤ និង ៧៧។

យ៉ាងណាក្តីកោះកូម៉ូរ៉ូសក៏រកបានគ្រាប់ជ័យជំនះនៅនាទីទី៨៥ ដោយគ្រាប់បាល់ទីពីររបស់ Ahmed Mogni។ នេះជាលទ្ធផលគួរឱ្យភ្ញាក់ផ្អើលមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់ទ្វីបអាហ្វ្រិក ខណៈក្រុមដែលមានចំនាត់ថ្នាក់លេខ ១៣២ ពិភពលោកកូម៉ូរ៉ូសនៅពេលនេះមានឱកាសឡើងវគ្គបន្តរង់ចាំមើលក្រុមលេខ ៣ ពូលផ្សេងទៀត។ ចំណែកហ្កាណាលេង ៣ប្រកួតមានតែ ១ពិន្ទុប៉ុណ្ណោះឈរក្រោមគេ។ នៅក្នុងពូល C នេះដែរម៉ារ៉ុក និងហ្កាបុងឡើងវគ្គ ១៦ក្រុមចុងក្រោយបន្ទាប់ពីក្រុមទាំងពីរស្មើគ្នា ២-២។ ម៉ារ៉ុកលេង ៣ប្រកួតឈ្នះ ២ ស្មើមួយមាន ៧ពិន្ទុឈរលើគេ ខណៈហ្កាបុងឈរលេខ ២ មាន ៥ពិន្ទុ។
ងាកមកការប្រកួតនៅក្នុងពូល B សេណេហ្កាល់ និងហ្គីណេដឹកដៃគ្នាឡើងវគ្គ ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។ សេណេហ្កាល់យប់មិញបានត្រឹមស្មើម៉ាឡាវី ០-០ តែបញ្ចប់ការប្រកួតក្នុងពូលជាក្រុមលេខ ១ មាន ៥ពិន្ទុក្រោយលេង ៣ប្រកួតស្មើ ២ ឈ្នះ ១។ ចំណែកម៉ាឡាវីលេខ ៣ ក្នុងពូលមាន ៤ពិន្ទុមានឱកាសឡើងវគ្គបន្តដែរតែរង់ចាំអ៊ុតពូលផ្សេងទៀត។ រីឯហ្ស៊ីមបាបវ៉េយប់មិញបានយកឈ្នះហ្គីណេ ២-១ តែអស់ឱកាសទៅវគ្គបន្តទៅហើយក្រោយមាន ៣ពិន្ទុឈរក្រោមគេ ខណៈដែលហ្គីណេជាក្រុមលេខ ២ មាន ៤ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ