វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអង្គារ (១៩ សីហា) នេះថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump បានពិភាក្សាគ្នាពីគំនិតនៃ "ការបង្កើនកម្រិតរបស់អ្នកតំណាង" នៅកិច្ចពិភាក្សាសន្តិភាពអ៊ុយក្រែន នៅក្នុងជំនួបតាមទូរសព្ទរយៈពេល ៤០នាទី បន្ទាប់ពីមេដឹកនាំសហរដ្ឋអាមេរិករូបនេះ បានជួបប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅទីក្រុងវ៉ាស៊ីនតោន។

ជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយក្នុងសុន្ទរកថាជាសំឡេងដែលបង្ហោះលើបណ្តាញតេលេក្រាមរបស់វិមានក្រឹមឡាំងថា៖ "គំនិតនេះត្រូវបានពិភាក្សាថា ពិតជាមានប្រយោជន៍ណាស់ក្នុងការស្វែងយល់ពីលទ្ធភាពនៃការបង្កើនកម្រិតអ្នកតំណាងមកពីភាគីអ៊ុយក្រែន និងរុស្ស៊ី ពោលគឺតំណាងទាំងនោះនឹងចូលរួមក្នុងការចរចាដោយផ្ទាល់ដែលបានស្នើឡើង"។
លោក Trump បានធ្វើកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទនៅទីក្រុងវ៉ាស៊ីនតោនជាមួយលោក Zelenskiy និងដៃគូអឺរ៉ុបផ្សេងទៀត។ ប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា "ជំនួបនោះល្អខ្លាំងណាស់" ហើយថា លោកបានចាប់ផ្តើមការរៀបចំសម្រាប់ជំនួបរវាងលោក Putin និងលោក Zelenskiy បន្ទាប់ពីកិច្ចសន្ទនាទូរសព្ទបន្ទាប់ពីនោះ ជាមួយលោក Putin។
លោក Ushakov នៅក្នុងសុន្ទរកថារបស់ខ្លួន មិនបានបញ្ជាក់ពីការបង្កើនកម្រិតនៅឯកិច្ចប្រជុំបែបណាដែលលោកចង់សំដៅដល់នោះទេ ហើយក៏មិនបាននិយាយដោយផ្ទាល់អំពីលទ្ធភាពនៃកិច្ចប្រជុំត្រីភាគីរវាងមេដឹកនាំរុស្ស៊ី-អាមេរិក-អ៊ុយក្រែន នោះដែរ។ មន្រ្តីវិមានក្រឹមឡាំងរូបនេះគ្រាន់តែលើកឡើងថា មេដឹកនាំរុស្ស៊ី-អាមេរិក "បានយល់ព្រមរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាលើបញ្ហាអ៊ុយក្រែន និងប្រធានបទសំខាន់ៗផ្សេងទៀតលើរបៀបវារៈអន្តរជាតិ និងទ្វេភាគី”៕

