មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានព្រមានកាលពីថ្ងៃចន្ទថា សង្រ្គាមជាមួយអ៊ីស្រាអែល អាចផ្ទុះឡើងនៅពេលណាមួយ ដោយពណ៌នាអំពីភាពស្ងប់ស្ងាត់បច្ចុប្បន្នបន្ទាប់ពីជម្លោះរយៈពេល១២ថ្ងៃកាលពីខែមិថុនាថាគ្រាន់តែជាការផ្អាកបណ្តោះអាសន្នប៉ុណ្ណោះ។

អនុប្រធានាធិបតីទីមួយ លោក Mohammad Reza Aref បាននិយាយថា «យើងត្រូវតែត្រៀមខ្លួនគ្រប់ពេលសម្រាប់ការប្រឈមមុខដាក់គ្នា បច្ចុប្បន្ននេះយើងមិនស្ថិតនៅក្នុងបទឈប់បាញ់ក្នុងកិច្ចព្រមព្រៀងទេ យើងកំពុងស្ថិតក្នុងការបញ្ឈប់អរិភាព»។
ការប្រយុទ្ធគ្នាកាលពីខែមិថុនា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ ព្រមទាំងតំបន់លំនៅឋាន ដោយបានសម្លាប់មនុស្សជាង១.០០០នាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរផងដែរ។ អ៊ីរ៉ង់ បានសងសឹកវិញដោយការវាយប្រហារដោយមីស៊ីល និងយានដ្រូនដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅអ៊ីស្រាអែល។

សហរដ្ឋអាមេរិក បានប្រកាសផ្អាកការប្រយុទ្ធនៅថ្ងៃទី ២៤ ខែមិថុនា រយៈពេលពីរថ្ងៃបន្ទាប់ពីខ្លួនបានចូលរួមក្នុងសង្គ្រាមដោយទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។ ប៉ុន្តែគ្មានបទឈប់បាញ់ជាផ្លូវការត្រូវបានព្រមព្រៀងឡើយ។
កាលពីថ្ងៃអាទិត្យ លោក Yahya Rahim Safavi ទីប្រឹក្សាយោធារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ថា ប្រទេសនេះកំពុង «ត្រៀមផែនការសម្រាប់សេណារីយ៉ូក្នុងករណីដែលអាក្រក់បំផុត»។
លោកបាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃថា «យើងមិនស្ថិតក្នុងបទឈប់បាញ់ទេនៅពេលបច្ចុប្បន្ននេះ យើងស្ថិតក្នុងដំណាក់កាលសង្រ្គាម វាអាចដួលរលំនៅពេលណាមួយ គ្មានពិធីការ គ្មានបទប្បញ្ញត្តិ គ្មានកិច្ចព្រមព្រៀងរវាងយើងនិងអ៊ីស្រាអែល រវាងយើងនិងអាមេរិកឡើយ ។