បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបាននិយាយថា ក្រុមឧទ្ទាមគាំទ្រដោយរដ្ឋអ៊ីស្លាម(ISIS) បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់៥២នាក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងខែនេះ ខណៈកងទ័ពកុងហ្គោនិងក្រុមឧទ្ទាមM23 ដែលគាំទ្រដោយប្រទេសរ៉្វាន់ដា បានចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិកដែលទើបឈានដល់កាលពីពេលថ្មីៗនេះ។

បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហារដោយកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត(ADF) បានកំណត់គោលដៅលើដែនដី Beni និង Lubero នៃខេត្តNorth Kivu ភាគខាងកើត នៅចន្លោះថ្ងៃទី៩ និងថ្ងៃទី១៦ ខែសីហា ដោយព្រមានថាចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត។

អំពើហិង្សាជាថ្មីកើតឡើងនៅពេលដែលជម្លោះដាច់ដោយឡែករវាងកងទ័ពកុងហ្គោ និងក្រុម M23 នៅតែបន្តកើតមាននៅភាគខាងកើតប្រទេសទោះបីជាសន្ធិសញ្ញាសន្តិភាពជាបន្តបន្ទាប់ត្រូវបានចុះហត្ថលេខាក្នុងប៉ុន្មានខែថ្មីៗនេះក៏ដោយ។ រដ្ឋាភិបាល និងក្រុមឧទ្ទាម M23 បានព្រមព្រៀងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ត្រឹមថ្ងៃទី១៨ ខែសីហា ប៉ុន្តែគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានប្រកាសកាលពីថ្ងៃច័ន្ទឡើយ។
បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បាននិយាយថា អំពើហិង្សាចុងក្រោយរបស់កងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត(ADF) មានការចាប់ពង្រត់ លួចប្លន់ ដុតផ្ទះ ដុតយានយន្តនិងម៉ូតូ ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាជនដែលកំពុងប្រឈមនឹងស្ថានភាពមនុស្សធម៌មិនច្បាស់លាស់រួចទៅហើយ។ អ្នកនាំពាក្យរបស់បេសកកម្មបាននិយាយថា ខ្លួនបានថ្កោលទោសការវាយប្រហារនេះ «ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត»។