អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយកាលពីថ្ងៃចន្ទ (១៨ សីហា) ថា សមាជិកភាពអង្គការណាតូ សម្រាប់អ៊ុយក្រែន មិនបានស្ថិតក្រោមការពិភាក្សានោះឡើយ ប៉ុន្តែថា មានការជជែកអំពីការធានាសន្តិសុខប្រភេទស្រដៀងនឹង "មាត្រាទី៥" សម្រាប់អ៊ុយក្រែន ដែលកំពុងទប់ទល់នឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២ មក។

ថ្លែងក្នុងបទសម្ភាសរបស់ទូរទស្សន៍ Fox News លោក Rutte បាននិយាយថា៖ "ស្ថានភាពពេលនេះគឺថា - សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនបានប្រឆាំងនឹងសមាជិកភាពអង្គការណាតូ សម្រាប់អ៊ុយក្រែន ខណៈជំហរផ្លូវការរបស់ណាតូគឺថានៅតែមានផ្លូវមិនអាចត្រឡប់វិញបានសម្រាប់អ៊ុយក្រែន ចូលក្នុងសម្ព័ន្ធយោធានេះ"។ ទោះយ៉ាងនេះក្ដី លោក Rutte បន្តថា "អ្វីដែលកំពុងពិភាក្សានៅទីនេះមិនមែនជារឿងសមាជិកភាពអង្គការណាតូទេ ប៉ុន្តែគឺជាការធានាសន្តិសុខសម្រាប់អ៊ុយក្រែនស្រដៀងនឹងមាត្រាទី៥ របស់ណាតូ ដែលកាន់តែពិសេសទៅទៀត"។
សូមជម្រាបជូនថា មាត្រាទី៥ នៃសន្ធិសញ្ញាបង្កើតអង្គការ ណាតូ បានចែងអំពីគោលការណ៍ការពារសមូហភាព ដែលមានន័យថា ការវាយប្រហារលើសមាជិកណាមួយក្នុងចំណោមសមាជិកទាំង៣២ របស់ណាតូ ត្រូវបានចាត់ទុកថាជាការវាយប្រហារលើទាំងអស់គ្នា។ ការចូលរួមក្នុងសម្ព័ន្ធយោធាអាត្លង់ទិក ណាតូ នេះគឺជាគោលដៅយុទ្ធសាស្ត្រសម្រាប់ទីក្រុងគីវ ដែលចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស។
ការអត្ថាធិប្បាយរបស់លោក Rutte បានសង្កត់ធ្ងន់ថា ការធានាសន្តិសុខនៃទំហំបែបនោះ អាចត្រូវបានផ្តល់ជូនដល់អ៊ុយក្រែន ជំនួសឱ្យសមាជិកភាពរបស់អង្គការណាតូ ជាអ្វីដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានច្រានចោលយ៉ាងដាច់ខាត៕

