ភ្នំពេញ៖ ថ្នាក់ដឹកនាំ រួមទាំងនាយទាហាន ពលទាហាន និងក្រុមគ្រួសារ នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ ខណៈកម្ពុជាកំពុងមានការឆ្លងរាលដាលប្រភេទបំប្លែងថ្មីអូមីក្រុង នៅក្នុងសហគមន៍ ។
ក្នុងឱកាសដឹកនាំការចាក់វ៉ាក់សាំងដូសទី៤ នៅថ្ងៃទី១៩ខែមករា នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ មានប្រសាសន៍ថា វ៉ាក់សាំងដូសទី៤នេះ គឺជាការជំរុញប្រសិទ្ធភាពបន្ថែមទៀត ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ហើយការផ្ដល់វ៉ាក់សាំងទី៤នេះ គឺមិនអាចកាត់ថ្លៃបាននោះទេ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំក្នុងការស្វែងរកនូវវ៉ាក់សាំង រួមទាំងការផ្ដល់ជំនួយផ្សេងៗពីប្រទេសជាមិត្ត ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា នេះគឺជាជោគជ័យមួយបន្ថែមទៀត សម្រាប់កម្ពុជា ដែលមានលទ្ធភាពចាក់វ៉ាក់សាំងដល់ពលរដ្ឋ ចាប់ពីដូសទី១ រហូតដល់ដូសទី៤នេះ ដូច្នេះក្នុងនាមអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលអគុណសម្ដេចតេជោ និងអរគុណសន្តិភាព ។
ក្នុងពេលទទួលបានវ៉ាក់សាំងដូសទី៤ កងទ័ព និងក្រុមគ្រួសារបានសម្ដែងនូវការសប្បាយរីករាយ ហើយប្ដេជ្ញាថា ទោះបីបានទទួលវ៉ាក់សាំងដូសទី៤នេះ ក៏ដោយក៏នៅបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន ។
បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងពន្លឿនការចាក់សាំងដល់ប្រជាពលរដ្ឋ ពិសេសដូសជំរុញ ឬដូសទី៣ នៅទូទាំងប្រទេស ហើយក៏ពុងចាក់វ៉ាក់សាំងដូសទី៤ ដល់អ្នកមានអទិភាពមួយចំនួន រួមទាំងបានបន្តអំពាវនាវ ដល់ពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង សូមនាំគ្នាទៅចាក់ បើមិនមានបញ្ហាសុខភាពអ្វីនោះទេ ៕ អត្ថបទ បាន សុខរិទ្ធិ