សហព័ន្ធឧស្សាហកម្មរបស់ប្រទេសថៃ បាននិយាយនៅថ្ងៃអង្គារ (១៩ សីហា) នេះថា សន្ទស្សន៍ទំនុកចិត្ត ឬអារម្មណ៍ជឿជាក់ផ្នែកឧស្សាហកម្មរបស់ប្រទេសថៃ បានធ្លាក់ចុះខ្លាំងក្នុងរយៈពេល ៥ខែ ជាប់ៗគ្នាក្នុងខែកក្កដា កន្លងទៅនេះ ដោយឈានដល់កម្រិតទាបបំផុតរយៈពេល ៣ឆ្នាំ ដោយសារតែការព្រួយបារម្ភអំពីផលប៉ះពាល់នៃពន្ធគយរបស់សហរដ្ឋអាមេរិក និងភាពតានតឹងតាមព្រំដែន។

ការស្ទង់មតិលើទំនុកចិត្តឧស្សាហកម្មនេះ ត្រូវបានធ្វើឡើងនៅមុនពេលដែលសហរដ្ឋអាមេរិក កំណត់ពន្ធលើការនាំចូលរបស់ថៃ ក្នុងអត្រា ១៩% ដែលស្រដៀងគ្នានឹងដៃគូក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ អត្រាពន្ធលើការដឹកជញ្ជូនតាមរយៈប្រទេសថៃ ពីប្រទេសទីបី នៅតែមានភាពមិនប្រាកដប្រជានៅឡើយ។
សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ថៃ ហើយកាលពីឆ្នាំមុន បានមើលឃើញចំនួន ១៨,៣% នៃការនាំចេញសរុប ដែលមានតម្លៃ ៥៥ពាន់លានដុល្លារ។

សហព័ន្ធឧស្សាហកម្មថៃនិយាយថា សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មរបស់ខ្លួន បានធ្លាក់ចុះដល់តួលេខ ៨៦,៦ ក្នុងខែកក្កដា ពីចំនួន ៨៧,៧ ក្នុងខែមិថុនា។ សហព័ន្ធនេះបន្តថា ក្រៅពីហេតុផលខាងលើ នៅមានកត្តាផ្សេងទៀតដែលដាក់បន្ទុកលើទំនុកចិត្តផ្នែកឧស្សាហកម្ម រួមមានទឹកជំនន់នៅភាគខាងជើងរបស់ប្រទេស និងការចុះខ្សោយនៃកម្លាំងបញ្ជាទិញពីខាងក្រៅ៕