កម្ដៅឥតឈប់ឈរ និងចំហេះព្រៃបានបន្តរីករាលដាលយ៉ាងគ្រោះថ្នាក់ពាសពេញទ្វីបអឺរ៉ុបភាគខាងត្បូង ដោយស្ថានីយអាកាសធាតុមួយភាគបួននៅអេស្ប៉ាញ បានកត់ត្រាសីតុណ្ហភាព ៤០អង្សាសេ ដ៏ក្ដៅគគុក ហើយទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសនេះ ក៏បានកត់ត្រាកម្រិតខ្ពស់នៃកម្ដៅ ៤៥,៨អង្សាសេ នៅតំបន់ Cádiz កាលពីថ្ងៃអាទិត្យ (១៧ សីហា)។

ទិន្នន័យបឋមដែលចេញផ្សាយដោយទីភ្នាក់ងារតាមដានបម្រែបម្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ បានបង្ហាញថា ចំហេះព្រៃបានដុតបំផ្លាញផ្ទៃដីចំនួន ៣៤៨.០០០ហិកតា នៅអេស្ប៉ាញ ក្នុងឆ្នាំនេះ ហើយមនុស្សជាច្រើនបានស្លាប់ក្នុងអណ្ដាតភ្លើង និងរលកកម្ដៅដ៏ឃោរឃៅ។

នៅព័រទុយហ្គាល់វិញ ជាទីដែលចំហេះព្រៃបានសម្លាប់មនុស្សមួយចំនួន អាជ្ញាធរបានបើកដំណើរការយន្តការការពារស៊ីវិលរបស់សហភាពអឺរ៉ុប ដោយស្នើសុំជំនួយជាយន្តហោះទម្លាក់ទឹកពីបណ្ដារដ្ឋសមាជិក ដើម្បីទៅគាំទ្រក្នុងប្រតិបត្តិការទប់ស្កាត់ចំហេះព្រៃដ៏សន្ធោសន្ធៅជាច្រើនកន្លែងក្នុងប្រទេស។

ទីភ្នាក់ងារអាកាសធាតុជាតិរបស់បារាំង បាននិយាយថា សីតុណ្ហភាពក្នុងប្រទេសនេះបានធ្លាក់ចុះបន្តិចកាលថ្ងៃអាទិត្យ ប៉ុន្តែហានិភ័យចំហេះព្រៃនៅតែខ្ពស់ ឬខ្ពស់ខ្លាំងនៅតំបន់ភាគខាងត្បូងមួយចំនួន។ រលកកម្ដៅដ៏អូសបន្លាយបានបំបែកកំណត់ត្រាសីតុណ្ហភាពនៅទូទាំងទ្វីបអឺរ៉ុប ដោយកាន់តែខ្លាំងក្លាឡើងចាប់ពីថ្ងៃចន្ទ (១៨ សីហា) ហើយនឹងធ្លាក់ចុះបន្តិចនៅប្រទេសមួយចំនួននាចុងសប្តាហ៍នេះ៕