ក្រុមអ្នកជួយសង្រ្គោះ ដែលគាំទ្រដោយកងកម្លាំង និងអ្នកស្រុកស្ម័គ្រចិត្ត បានបន្តប្រតិបត្តិការកាលពីថ្ងៃចន្ទ (១៨ សីហា) ក្នុងការជីកកកាយតាមកម្ទេចកម្ទី បំណាក់ដី និងល្បប់ភក់នៅក្នុងសង្កាត់នានាដែលរងគ្រោះដោយទឹកជំនន់នៅភាគពាយព្យប្រទេសប៉ាគីស្ថាន ជាទីដែលទឹកជំនន់បានលេបត្របាក់ភូមិទាំងមូល ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដោយសម្លាប់មនុស្សប្រមាណ ៣៦៨នាក់ ក្នុងពេលត្រឹម ៤ថ្ងៃកន្លងទៅនោះ។

ជាមួយនឹងចំនួនអ្នកស្លាប់ដ៏ខ្ពស់ចុងក្រោយបង្អស់ ដែលបង្កឡើងដោយទឹកជំនន់ដ៏ធំវាយប្រហារទូទាំងខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យកាលពីថ្ងៃសុក្រសប្ដាហ៍មុន បាននាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៦៨៨នាក់ ចាប់តាំងពីខ្យល់មូសុងទីមួយបង្អុលជាភ្លៀងយ៉ាងគំហុក ហើយបង្កជាទឹកជំនន់វាយប្រហារប្រទេសអាស៊ីខាងត្បូងមួយនេះ កាលពីថ្ងៃទី២៦ ខែមិថុនា មក។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដកាលពីថ្ងៃចន្ទ លោក Inam Haider ប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) របស់ប្រទេសនេះបានឱ្យដឹងថា ក្រៅពីអ្នកស្លាប់ទាំងនេះ មនុស្សប្រហែល ១.០០០នាក់ បានរងរបួសនៅក្នុងគ្រោះថ្នាក់ទាក់ទងនឹងភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ នៅទូទាំងប្រទេសចាប់តាំងពីថ្ងៃទី២៦ ខែមិថុនា មក។
អាជ្ញាធរភ័យខ្លាចថាចំនួនអ្នកស្លាប់ និងរបួសអាចកើនឡើងកាន់តែធ្ងន់ធ្ងរជាងនេះ ខណៈដែលលោក Faraz Mughal អ្នកនាំពាក្យរដ្ឋាភិបាលតំបន់ Khyber Pakhtunkhwa បានប្រាប់អ្នកយកព័ត៌មានថា នៅមានមនុស្សយ៉ាងហោចណាស់ចំនួន ២០០នាក់ ទៀតនៅតែបាត់ខ្លួនមិនទាន់រកឃើញនៅឡើយ៕

