កំពង់ចាម៖ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ផ្តល់ជារង្វាន់លើកទឹកចិត្តជាម៉ូតូ និងថវិកាដល់សិស្សានុសិស្សដែលប្រលងជាប់និទ្ទេស A មកពីវិទ្យាល័យចំនួន៣ នៅក្នុងស្រុកស្ទឹងត្រង់។
ដើម្បីរួមចំណែកលើកទឹកចិត្តចំពោះក្មួយៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អប្រសើរ នៅព្រឹកថ្ងៃទី១៩ ខែមករានេះ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាតិ ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភាជាតិ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានផ្ដល់ម៉ូតូ និងថវិកាមួយចំនួន ដល់សិស្សជាប់និទ្ទេស ជាប់ A ចំនួន១៣នាក់ ជាសិស្សរៀននៅវិទ្យាល័យចំនួន៣ ក្នុងស្រុកស្ទឹងត្រង់គឺ ៖ វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ចំនួន ០៨នាក់ ។ ២.វិទ្យាល័យ ហ៊ុន សែន មេសជ្រៃ ចំនួន ០២នាក់ ។ និង៣.វិទ្យាល័យ ហ៊ុន សែន ពាមកោះស្នា ចំនួន ០៣នាក់ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ កុល ធារិន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក កៅ សុខអាន អភិបាលរងខេត្ត និងលោកឧញ៉ាព្រមទាំងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តអាជ្ញាធរស្រុកស្ទឹងត្រង់ មាតា បិតា ឬអាណាព្យាបាលសិស្ស និងក្មួយៗចៅៗ ជាប់និទ្ទេស A ទាំង ២៣នាក់ផងដែរ ។
នាឱកាសនោះ ឯកឧត្តម ហ៊ុន ណេង បានគូសបញ្ជាក់ថា នេះគឺជាកិត្តិយស ដ៏ធំធេងសម្រាប់ក្មួយៗ ចៅៗខ្លួនឯងផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ និងជាកិត្តិយសរបស់អាជ្ញាធរនៅក្នុងមូលដ្ឋានផងដែរ ។ ឯកឧត្ដម បន្តថា ចៅៗក្មួយៗទាំងអស់គ្នា បានដឹងហើយថា ឆ្លងកាត់ការលំបាកជាច្រើន ជាពិសេស ឧបសគ្គ នៃការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ នៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងតំបន់ យ៉ាងណាក៏ដោយក៏ក្មួយៗ ចៅៗ នៅតែតស៊ូព្យាយាមខិតខំរៀនសូត្រជំនះនូវរាល់ឧបសគ្គចំពោះមុខ រហូតទទួលបានលទ្ធផលផ្លែផ្កាដូចពេលនេះ ។
ឯកឧត្ដម បញ្ជាក់ដែរថា ជាការឆ្លើយតបទៅនឹងកិច្ចខិតខំ ក៏ដូចជា លទ្ធផលរបស់ក្មួយៗ ចៅៗ នាពេលនេះ ក្នុងនាមឯកឧត្ដម ជាអ្នកទទួលខុសត្រូវ ក្នុងស្រុកស្ទឹងត្រង់ ក៏សូមចូលរួមអបអរសាទរ និងចូលរួមផ្ដល់ការលើកទឹកចិត្តចំពោះក្មួយៗ ចៅៗជាមធ្យោបាយ និងថវិកាមួយចំនួនដើម្បី ក្មួយៗចៅៗ ប្រើប្រាស់ក្នុងអំឡុងពេលបន្តការសិក្សានៅកម្រិតឧត្ដមសិក្សា ។
ម្យ៉ាងវិញទៀតការផ្ដល់ការលើកទឹកចិត្ត នាថ្ងៃនេះ វាក៏ជាគំរូដ៏ល្អ សម្រាប់ក្មួយៗចៅៗ ជំនាន់ក្រោយ ឲ្យខិតខំប្រឹងប្រែងរៀនសូត្របានពូកែ ដើម្បីមានឱកាសទទួលបានរង្វាន់ដូចពេលនេះផងដែរ ។
នាឱកាសនោះដែរអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានផ្តាំផ្ញើដល់ក្មួយទាំងអស់ ត្រូវខិតខំរៀនសូត្របន្តទៅមុខទៀត ជាពិសេសការក្រេបជញ្ជក់យកចំណេះដឹង ក្នុងអំឡុងពេលបន្តការសិក្សា នៅថ្នាក់កម្រិតឧត្ដមសិក្សា ដើម្បីក្លាយខ្លួនជាកូនល្អ យុវជនល្អ និងជាពលរដ្ឋល្អ ហើយយកចំណេះដឹង និងសមត្ថភាពនោះ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិ ឲ្យកាន់តែរីកចំរើនទ្វេរឡើង ។
សូមបញ្ជាក់ថា រង្វាន់លើកទឹកចិត្តរបស់ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ផ្ដល់ជូនសិស្សជាប់និទ្ទេស A ទាំង ១៣នាក់ ក្នុងម្នាក់ៗទទួលបាន ៖ ម៉ូតូ ១គ្រឿង និងថវិកាចំនួន ២០ម៉ឺនរៀល ។
សូមរំលឹកដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២០-២០២១ នេះ នៅទូទាំងខេត្តកំពង់ចាម មានបេក្ខជនប្លងសរុប ចំនួន ៧.០៦៤នាក់ ស្រី ៣.៩៥៩នាក់ ។ ជាមួយនោះ សិស្សបានប្រលងជាប់សរុប ចំនួន ៤.៣៣៣នាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានចំនួន ១១៨នាក់ ៕







