អ្នកនយោបាយមួយក្រុមមកពីប្រទេសស្កុតឡិន វ៉ែលស៍ និងអៀរឡង់ខាងជើង បានជំរុញឲ្យនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ដាក់ទណ្ឌកម្មជាបន្ទាន់ លើអ៊ីស្រាអែល។

នៅក្នុងលិខិតមួយច្បាប់ សមាជិកចំនួន ១២រូប បានសម្តែងនូវ «ការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ និងការប្រឆាំងយ៉ាងដាច់អហង្ការ»របស់ពួកគេចំពោះអ្វីដែលពួកគេបានពិពណ៌នាថា ជាការគាំទ្ររបស់រដ្ឋាភិបាលចក្រភពអង់គ្លេសចំពោះសកម្មភាពរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

ពួកគេចង់ឲ្យលោក Starmer អំពាវនាវឲ្យសមាជិកសភាត្រឡប់មកវិញពីការឈប់សម្រាករដូវក្តៅរបស់ខ្លួន ដើម្បីបោះឆ្នោត ដូច្នេះលោកអាចដាក់ទណ្ឌកម្ម និងបញ្ចប់ការលក់អាវុធទាំងអស់ ឲ្យអ៊ីស្រាអែលភ្លាមៗ។
ពួកគេក៏បាននិយាយផងដែរថា ចក្រភពអង់គ្លេស គួរតែគាំទ្របទឈប់បាញ់ ដើម្បីការពារជនស៊ីវិល គាំទ្រការស៊ើបអង្កេតឯករាជ្យទៅលើឧក្រិដ្ឋកម្មសង្គ្រាមនិ ងអំពើប្រល័យពូជសាសន៍ និងជំរុញឲ្យមានការផ្តល់ជំនួយ «ដោយគ្មានការរារាំង» ទៅកាន់តំបន់ហ្កាហ្សា។
ភាគីហត្ថលេខីរួមមាននាយករដ្ឋមន្ត្រីអៀរឡង់ខាងជើងលោក Michelle O'Neill មេដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យ និងការងារលោក Claire Hanna មេដឹកនាំគណបក្សជាតិស្កុតឡែន Westminster លោក Stephen Flynn និងមេដឹកនាំគណបក្សជាតិនិយមវ៉ែលស៍ Plaid Cymru លោក Rhun ap Iorwerth។