អាជ្ញាធរក្នុងប្រទេសក្រិក បាននិយាយថា ជនអន្តោប្រវេសន៍ជាង ១២០នាក់ ត្រូវបានស្ទាក់ចាប់ចេញពីកោះ Crete កាលពីព្រឹកថ្ងៃចន្ទ ដែលជាចំនួនចុងក្រោយបំផុតនៃការមកដល់ជាបន្តបន្ទាប់ បើទោះបីជាមានការផ្អាកការទាមទារសិទ្ធិជ្រកកោន និងផែនការសម្រាប់ច្បាប់ឃុំខ្លួនតឹងរ៉ឹងជាងនេះក្ដី។

ទូកពីរគ្រឿងដែលផ្ទុកមនុស្ស ៥៨នាក់ និង ៦៨នាក់ ហើយត្រូវបានគេជឿថា បានចាកចេញពីប្រទេសលីប៊ី ត្រូវបានបញ្ឈប់ ហើយអ្នកដំណើរត្រូវបានដាក់នៅក្រោមការយាមកាម នៅជម្រកបណ្តោះអាសន្ន។ ជនអន្តោប្រវេសន៍ជាង ១០០នាក់ផ្សេងទៀត បានមកដល់កោះ Crete កាលពីចុងសប្តាហ៍ បន្ទាប់ពីខ្យល់បក់ខ្លាំង បានធូរស្រាល។

រដ្ឋាភិបាលអភិរក្សនិយមរបស់ប្រទេសក្រិក កាលពីខែមុន បានផ្អាករាល់ការទាមទារសិទ្ធិជ្រកកោនសម្រាប់ជនអន្តោប្រវេសន៍ ដែលមកដល់តាមសមុទ្រពីអាហ្វ្រិកខាងជើង ដែលជាចំណាត់ការដែលខ្លួនបានអះអាងថា បានជួយទប់ស្កាត់ការឆ្លងកាត់ដែលបានឡើងដល់កម្រិតខ្ពស់បំផុត ក្នុងខែកក្កដា ជាង ២.៥០០ នាក់ក្នុង មួយសប្តាហ៍។
រដ្ឋាភិបាល នៅតែមានការខ្វែងគំនិតគ្នាជាមួយអាជ្ញាធរតំបន់នៅកោះ Crete ជុំវិញផែនការសាងសង់កន្លែងឆ្លងកាត់អចិន្ត្រៃយ៍នៅលើកោះនេះ។ ដើម្បីដាក់ជូនសភាអនុម័ត បន្ទាប់ពីការឈប់សម្រាករដូវក្តៅ រដ្ឋាភិបាលនេះ កំពុងរៀបចំសេចក្តីព្រាងច្បាប់ ដែលនឹងកំណត់រយៈពេលឃុំឃាំងសម្រាប់ ជនអន្តោប្រវេសន៍ ដែលការទាមទារសិទ្ធិជ្រកកោន ត្រូវបានបដិសេធ និងតម្រូវឲ្យមានឧបករណ៍តាមដានពាក់ជាប់កជើង ក្នុងអំឡុងពេលជាប់ឃុំឃាំងរយៈពេល ៣០ថ្ងៃ មុនពេលនិរទេស។