ស្ថាប័នបរទេសរបស់កោះតៃវ៉ាន់ នៅថ្ងៃអង្គារ (ទី១៩ ខែសីហា) នេះ បានឲ្យដឹងថា កោះតៃវ៉ាន់ត្រូវតែពឹងផ្អែកលើខ្លួនឯង សម្រាប់សន្តិសុខរបស់ខ្លួន ដោយនេះជាការលើកឡើង ដើម្បីឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបាននិយាយថា ប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់លោកថា នឹងមិនមានការក្រសោបយកកោះនេះនោះទេ ខណៈពេលដែលលោក Trump កំពុងកាន់តំណែង។
កោះតៃវ៉ាន់ដែលកាន់លទ្ធិប្រជាធិបតេយ្យ ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ បានប្រឈមនឹងសម្ពាធផ្នែកយោធា និងនយោបាយពីប្រទេសចិនដែលចាត់ទុកកោះស្វ័យគ្រប់គ្រងដោយឡែកមួយនេះថា ជាដែនដីរបស់ខ្លួន។ ទីក្រុងប៉េកាំងមិនដែលបដិសេធមិនប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះតៃវ៉ាន់ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននោះឡើយ។
នៅពេលត្រូវបានសួរ អំពីសុន្ទរកថារបស់លោក Trump អ្នកនាំពាក្យស្ថាប័នការបរទេសរបស់កោះតៃវ៉ាន់ លោក Hsiao Kuang-wei បាននិយាយថា រដ្ឋបាលរបស់កោះបានតាមដានយ៉ាងដិតដល់នូវទំនាក់ទំនង រវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងចិន។
លោក Hsiao បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិថា៖ «សន្តិសុខរបស់កោះតៃវ៉ាន់ត្រូវតែសម្រេចបានតាមរយៈការប្រឹងប្រែងរបស់ខ្លួន ដូច្នេះកោះរបស់យើង បាននិងកំពុងឧទ្ទិសខ្លួនឯង ដើម្បីបង្កើនសមត្ថភាពការពារខ្លួន និងភាពធន់។ កោះរបស់យើងនឹងបន្តប្រឹងប្រែង ដើម្បីធ្វើរឿងនេះ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។ ជាមួយគ្នានេះ ភាគីទាំង២ ក៏គ្មានសន្ធិសញ្ញាការពារគ្នាដែរ ដូច្នេះប្រសិនបើប្រទេសចិនប្រតិបត្តិការផ្នែកយោធាលើកោះនេះ ទីក្រុងវ៉ាស៊ីនតោន គឺគ្មានកាតព្វកិច្ចជួយឡើយ៕