រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅថ្ងៃអង្គារ (ទី១៩ ខែសីហា) នេះ បានរិះគន់អ៊ីស្រាអែល ចំពោះការលុបទិដ្ឋាការរបស់តំណាងការទូតនៃទីក្រុងកង់បេរ៉ាប្រចាំនៅអាជ្ញាធរប៉ាឡេស្ទីន។
ចំណាត់ការសងសឹកគ្នាទៅវិញទៅមករបស់អ៊ីស្រាអែលនេះ បានកើតឡើងបន្ទាប់ពីមានការសម្រេចរបស់អូស្ត្រាលី កាលពីល្ងាចថ្ងៃចន្ទ ក្នុងការរារាំងមិនឲ្យអ្នកនយោបាយអ៊ីស្រាអែលស្តាំនិយមជ្រុលម្នាក់ចូលប្រទេស មុនពេលមានដំណើរទៅចូលរួមការនិយាយសាធារណៈ។

គួរបញ្ជាក់ថា អូស្ត្រាលី និងអ៊ីស្រាអែល បានមានជម្លោះជាមួយគ្នាកាន់តែខ្លាំងឡើងៗ ចាប់តាំងពីទីក្រុងកង់បេរ៉ា បានប្រកាសថា ខ្លួននឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បាននិយាយថា ការលុបចោលទិដ្ឋាការអ្នកការទូត គឺជា «ប្រតិកម្មមិនសមហេតុផល» របស់អ៊ីស្រាអែល។
លោកស្រី Wong បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នៅពេលដែលការសន្ទនា និងការទូត ត្រូវការជាចាំបាច់ខ្លាំងជាងពេលណាៗទាំងអស់ រដ្ឋាភិបាលរបស់លោក Netanyahu កំពុងធ្វើឲ្យអ៊ីស្រាអែលឯកោ និងខូចដល់កិច្ចប្រឹងប្រែងអន្តរជាតិឆ្ពោះទៅរកសន្តិភាព និងដំណោះស្រាយរដ្ឋ២»៕
