អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី១៩ ខែសីហា) នេះ បានឲ្យដឹងថា បុគ្គលិកជំនួយចំនួន ៣៨៣នាក់ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៤ ដោយបានចាត់ទុកតួលេខនេះ និងការខ្វះការទទួលខុសត្រូវថា ដោយសារតែភាពព្រងើយកន្តើយជាអន្តរជាតិ ហើយបានព្រមានថា ចំនួនអ្នកស្លាប់ក្នុងឆ្នាំនេះ គឺជាការគួរឲ្យបារម្ភដូចគ្នាដែរ។
អង្គការសហប្រជាជាតិ បានលើកឡើងនៅថ្ងៃមនុស្សធម៌ពិភពលោកថា «តួលេខឆ្នាំ២០២៤ បានកើនឡើង ៣១ភាគរយ ធៀបនឹងឆ្នាំមុន» ដែលជំរុញដោយជម្លោះឥតឈប់ឈរ នៅតំបន់ហ្កាហ្សា ជាកន្លែងដែលបុគ្គលិកមនុស្សធម៌ ១៨១នាក់ ត្រូវបានសម្លាប់ ហើយនៅក្នុងប្រទេសស៊ូដង់ ៦០នាក់ បានបាត់បង់ជីវិត»។

ស្ថាប័ននេះបានឲ្យដឹងថា តួអង្គរដ្ឋ គឺជាអ្នកមានចំណែកធំបំផុតនៃការសម្លាប់ នៅឆ្នាំ២០២៤។ អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ភាគច្រើននៃអ្នកស្លាប់ គឺជាបុគ្គលិកក្នុងតំបន់ ហើយត្រូវបានវាយប្រហារ ក្នុងពេលបំពេញកាតព្វកិច្ច ឬនៅកន្លែងស្នាក់នៅរបស់ពួកគេ។ ក្រៅពីអ្នកស្លាប់ បុគ្គលិកជំនួយចំនួន ៣០៨នាក់ បានរងរបួស ១២៥នាក់ត្រូវបានចាប់ជំរិត និង ៤៥នាក់ត្រូវបានឃុំខ្លួន ក្នុងឆ្នាំ២០២៤។
សម្រាប់តួលេខបណ្តោះអាសន្ន នៅឆ្នាំនេះ មូលដ្ឋានទិន្នន័យសន្តិសុខបុគ្គលិកជំនួយ បានបង្ហាញថា បុគ្គលិកជំនួយចំនួន ២៦៥នាក់ ត្រូវបានសម្លាប់ គិតត្រឹមថ្ងៃទី១៤ ខែសីហា៕

