បាល់ទាត់៖ ក្លិបអង់គ្លេស Aston Villa បានចុះហត្ថលេខានាំយកអ្នកចាំទីស៊ុតអែត Robin Olsen ក្នុងកិច្ចសន្យាខ្ចីរហូតចប់រដូវកាលពីក្លិបអ៊ីតាលី AS Roma។ កីឡាករវ័យ ៣២ឆ្នាំរូបនេះក៏បានចំណាយពេលជាកីឡាករខ្ចីជើងដែរជាមួយ Sheffield United តែរបួសបានធ្វើឱ្យគេបាត់បង់ឱកាស។
រដូវកាលមុន Olsen លេងនៅ Everton ក៏ជាកីឡាករខ្ចីជើងដែរ ខណៈការមកដល់ Aston Villa នេះគឺនៅពីក្រោយអ្នកចាំទីអាហ្សង់ទីន Emi Martinez។ Robin Olsen ធ្លាប់បង្ហាញខ្លួននៅក្របខណ្ឌ English Premier League ៧ប្រកួតឱ្យ Everton រដូវកាលមុន និងជាកីឡាករជំរើសដំបូងរបស់ក្រុមជំរើសជាតិស៊ុតអែតដែលបង្ហាញខ្លួននៅ Euro ២០២០ កន្លងទៅ។ ចំណែកឯពាក់ព័ន្ធនឹង Arsenal វិញខ្សែការពារសញ្ជាតិបូស្នៀ Saed Kolasinac បានចាកចេញពីក្លិប និងបានទៅចូលរួមជាមួយ Marseille។ កីឡាករវ័យ ២៨ឆ្នាំជំរើសជាតិបូស្នៀរូបនេះបានផ្លាស់ពី Schalke មកកាន់ Arsenal កាលពីឆ្នាំ២០១៧ និងបានបង្ហាញខ្លួនសរុប ១១៨លើក៕
អត្ថបទ៖នាង សុភាវុធ