នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសចិន នាចុងខែសីហាខាងមុខនេះ។ នេះបើយោងតាមប្រមុខសន្តិសុខរបស់លោក ដែលបាននិយាយនៅថ្ងៃអង្គារ (ទី១៩ ខែសីហា) ក្នុងអំឡុងពេលមានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរបស់ក្រុងប៉េកាំង នៅទីក្រុងញូវដេលី។
នៅក្នុងការអត្ថាធិប្បាយជាសាធារណៈនៅដើមដំបូងនៃកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសទីក្រុងប៉េកាំង គឺលោក Wang Yi លោក Ajit Doval បាននិយាយថា លោក Modi នឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលនឹងបើកនៅថ្ងៃទី៣១ ខែសីហា នៅទីក្រុង Tianjin ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំឥណ្ឌាទៅកាន់ប្រទេសចិន គិតចាប់តាំងពីឆ្នាំ២០១៨ មក។

ជាមួយគ្នានេះ ដោយនិយាយអំពី «ថាមពលថ្មី» ក្នុងទំនាក់ទំនងការទូត រវាងប្រទេសទាំង២ លោក Doval បានបញ្ជាក់ថា៖ «លោកនាយករដ្ឋមន្រ្តីរបស់យើងនឹងធ្វើទស្សនកិច្ចដើម្បីចូលរួមកិច្ចប្រជុំកំពូល SCO»។ យោងតាមអ្នកបកប្រែផ្លូវការម្នាក់ បានឲ្យដឹងថា លោក Wang បានលើកឡើងថា ប្រទេសចិន «ចាត់ទុកថា មានសារៈសំខាន់ខ្លាំងណាស់» សម្រាប់ដំណើរទស្សនកិច្ចរបស់លោក Modi ទៅកាន់កិច្ចប្រជុំកំពូល SCO។
លោក Wang បានបន្ថែមថា៖ «ប្រវត្តិសាស្ត្រ និងការពិត បង្ហាញឲ្យឃើញជាថ្មីម្តងទៀតថា ទំនាក់ទំនងចិន-ឥណ្ឌាដែលមានភាពល្អប្រសើរ និងស្ថិរភាព បម្រើជាផលប្រយោជន៍មូលដ្ឋាន និងរយៈពេលវែងនៃប្រទេសរបស់យើងទាំង២»។ លោក Wang ដែលកំពុងបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅឥណ្ឌា គ្រោងចូលជួបលោក Modi នៅល្ងាចថ្ងៃអង្គារនេះ។
គួរបញ្ជាក់ថា ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកទាំង២ នេះ គឺជាគូប្រជែងដ៏ខ្លាំងក្លាដែលកំពុងប្រកួតប្រជែងដណ្តើមឥទ្ធិពល នៅទូទាំងអាស៊ីខាងត្បូង ហើយបានប្រយុទ្ធគ្នា អំឡុងពេលមានការប៉ះទង្គិចដ៏អាក្រក់បំផុត នៅតាមព្រំដែន កាលពីឆ្នាំ២០២០៕
