កងទ័ពអ៊ីស្រាអែល បានបង្កើតប៉ុស្តិ៍យោធាថ្មីមួយ នៅតំបន់ព្រំដែនភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃចន្ទ ខណៈដែលការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែល បានបណ្តាលឲ្យមនុស្ស ៤នាក់ រងរបួស។ នេះបើយោងតាមប្រភពសន្តិសុខ និងសុខាភិបាលលីបង់។
ប្រភពសន្តិសុខលីបង់ បានប្រាប់សារព័ត៌មានស៊ីនហួថា ប៉ុស្តិ៍ដែលទើបនឹងបង្កើតថ្មី ត្រូវបានដំឡើងនៅច្រកចូលភាគខាងជើងនៃភូមិ Kafr Kila ដែលមានចម្ងាយប្រហែល ១៥ ម៉ែត្រពីខ្សែបន្ទាត់ Blue Line ដែលកំណត់ដោយអង្គការសហប្រជាជាតិ។

ការសម្រេចនេះ បានកើតឡើង មួយសប្តាហ៍បន្ទាប់ពីអ៊ីស្រាអែល បានបង្កើតប៉ុស្តិ៍មួយ នៅជិតកន្លែងតាំងទីលំនៅ Misgav Am របស់អ៊ីស្រាអែល ដែលប្រភពលីបង់បានអះអាងថា ស្ថិតនៅចម្ងាយប្រហែល ៨០០ ម៉ែត្រ នៅក្នុងទឹកដីលីបង់។
ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈនៃក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់បែកមួយគ្រាប់ ដែលបានទម្លាក់ដោយយានដ្រូនរបស់អ៊ីស្រាអែលដែលជាសត្រូវ បានបង្កឲ្យមនុស្ស ៤នាក់រង របួស ដែលសុទ្ធតែជាជនជាតិស៊ីរី»។
