យោងតាមអាជ្ញាធរ បានឲ្យដឹងថា កម្មករយ៉ាងតិច ២នាក់ បានស្លាប់ ហើយ ៥នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថភ្លើងបានបុកបុគ្គលិកថែទាំមួយក្រុម នៅតាមបណ្តោយផ្លូវរថភ្លើង Gyeongbu ក្នុងទីក្រុង Cheongdo ប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃអង្គារ (ទី១៩ ខែសីហា)។

កម្មករទាំង ៧នាក់នោះ កំពុងត្រួតពិនិត្យសុវត្ថិភាពផ្លូវ ក្រោយមានទឹកជំនន់ នៅពេលដែលឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១០:៥០ព្រឹក (ម៉ោងក្នុងស្រុក) នៅក្បែរពហុកីឡដ្ឋានគោជល់គ្នា ក្នុងទីក្រុង Cheongdo។ រថភ្លើង Mugunghwa លេខ ១៩០៣ ដែលធ្វើដំណើរពីស្ថានីយ៍ Dongdaegu ទៅ Jinju បានបុកពួកគេនៅលើ ឬក្បែរផ្លូវរថភ្លើង។
ជនរងគ្រោះគឺជាផ្នែកមួយនៃក្រុមត្រួតពិនិត្យសំណង់ជម្រាលដែលរងការខូចខាត អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់។
ក្នុងចំណោមកម្មករ ៧នាក់ដែលត្រូវបានបុកនោះ មាន ២នាក់ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្ដង។ អ្នករងរបួសទាំង ៥នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ដោយខ្លះត្រូវរាយការណ៍ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ចំណែកដឹកអ្នកដំណើរចំនួន ៨៩នាក់ នៅលើរថភ្លើងនោះ មិនមានអ្នកណាម្នាក់រងរបួសឡើយ៕
