សហជីព នៅថ្ងៃអង្គារ (ទី១៩ ខែសីហា) នេះ បានឲ្យដឹងថា អ្នកបម្រើលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Canada បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយសហជីពក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់ប្រទេសកាណាដា។
សហជីពបុគ្គលិកសាធារណៈកាណាដា បានឲ្យដឹងតាមរយៈការបង្ហោះលើបណ្ដាញសង្គម Facebook ថា៖ «ការធ្វើកូដកម្មបានបញ្ចប់ហើយ។ ពួកយើងមាននូវកិច្ចព្រមព្រៀងបណ្ដោះអាសន្ន ដែលនឹងយកទៅឲ្យបង្ហាញដល់អ្នក ដើម្បីពិចារណា»។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ នៅមុននេះ បានផ្តល់ប្រាក់សំណងសរុបចំនួន ៣៨ភាគរយ សម្រាប់អ្នកបម្រើលើយន្តហោះ ក្នុងរយៈពេល ៤ឆ្នាំ ដោយមានការដំឡើង ២៥ភាគរយ ក្នុងឆ្នាំដំបូង ដែលសហជីពចាត់ទុកថា មិនគ្រប់គ្រាន់នោះឡើយ។
អ្នកបម្រើការលើយន្តហោះ បានព្យាយាមឲ្យមានការផ្ដល់ប្រាក់ឈ្នួល សម្រាប់ការងារផ្សេងទៀត ដូចជានាំអ្នកដំណើរឡើងយន្តហោះជាដើម ដែលបច្ចុប្បន្នមិនទទួលបានប្រាក់ឈ្នួលនោះទេ។ ឥឡូវនេះ ពួកគេទទួលបានថ្លៃឈ្នួល នៅពេលណាដែលយន្តហោះហោះហើរតែប៉ុណ្ណោះ។
សហជីពបុគ្គលិកសាធារណៈរបស់ប្រទេសកាណាដា ដែលតំណាងឲ្យអ្នកបម្រើលើយន្តហោះចំនួន ១០.៤០០នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Air Canada បានប្រឹងប្រែងឲ្យមានការផ្ដល់អត្ថប្រយោជន៍លើការងារ ដែលមិនទទួលបានប្រាក់ខែ ពោលគឺឲ្យលើសពីការផ្ដល់ប្រាក់ថ្មីៗនេះដែលត្រូវបានធានាដោយក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដូចជា American Airlines ជាដើម៕