ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN)និយាយនៅថ្ងៃអង្គារនេះថា អ៊ីស្រាអែលអនុញ្ញាតឲ្យការផ្គត់ផ្គង់ជំនួយមួយចំនួនចូលទៅក្នុងតំបន់ហ្កាហ្សាមែន ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ ក្នុងការបញ្ចៀសផុតភាពអត់ឃ្លានទ្រង់ទ្រាយធំ ។
លោក Thameen Al-Kheetan គឺជាអ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស UN និយាយប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្រុមអាជ្ញាធរអ៊ីស្រាអែលបានអនុញ្ញាតឲ្យជំនួយចូលក្នុងតំបន់ហ្កាហ្សាតាមចំនួនកំណត់ដែលនៅមិនទាន់គ្រប់គ្រាន់នោះទេ ដើម្បីការពារភាពអត់ឃ្លានទ្រង់ទ្រាយធំ ។
លោកបន្តថា ហានិភ័យនៃភាពអត់ឃ្លាននៅតំបន់ហ្កាហ្សា គឺជាលទ្ធផលផ្ទាល់នៃគោលនយោបាយរបស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការរារាំងជំនួយមនុស្សធម៌ ។
ទីភ្នាក់ងារយោធាអ៊ីស្រាអែលដែលសម្របសម្រួលជំនួយ(COGAT)និយាយថា អ៊ីស្រាអែលបានខិតខំអស់ពីលទ្ធភាពរបស់ខ្លួន ក្នុងការចែកចាយជំនួយនៅតំបន់ហ្កាហ្សា ។
លោក Al-Kheetan និយាយថា ការិយាល័យរបស់លោកបានចងក្រងឯកសារការកាប់សម្លាប់ជនប៉ាឡេស្ទីនស្វែងរកជំនួយ ១.៨៥៧នាក់ នៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ២៧ ខែឧសភារហូតមក ដែលភាគច្រើននៃពួកគេត្រូវបានសម្លាប់ដោយយោធាអ៊ីស្រាអែល ។
លោកថា មនុស្ស ១.០២១នាក់ ត្រូវបានសម្លាប់នៅទីតាំងចែកចាយជំនួយដែលប្រតិបត្តិការដោយមូលនិធិមនុស្សធម៌ហ្កាហ្សាគាំទ្រដោយសហរដ្ឋអាមេរិក ខណៈមនុស្ស ៨៣៦នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅតាមផ្លូវដែលរថយន្តផ្គត់ផ្គង់ជំនួយមនុស្សធម៌បើកបរ ។
អ៊ីស្រាអែលបានច្រានចោលទំនួលខុសត្រូវចំពោះភាពអត់ឃ្លាននៅតំបន់ហ្កាហ្សា ដោយពួកគេចោទប្រកាន់ក្រុមហាម៉ាសថាបានលួចជំនួយ ។ ពួកគេនិយាយថា ពួកគេបានបង្កើនការចែកចាយជំនួយ រួមទាំងការផ្អាកការប្រយុទ្ធគ្នានៅតាមតំបន់មួយចំនួន ហើយនិងប្រកាសផ្លូវការពារ សម្រាប់ក្បួនរថយន្តដឹកជំនួយមនុស្សធម៌ ៕