នៅថ្ងៃអង្គារនេះ ចិនបានបញ្ជាក់ឡើងវិញថា ខ្លួនមិនមែនជាភាគីនៃវិបត្តិអ៊ុយក្រែននោះទេ ហើយពួកគេសូមធ្វើការអំពាវនាវសារជាថ្មីម្តងទៀត ឲ្យមានកិច្ចពិភាក្សាស្វែងរកសន្តិភាព ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយថា ចិនបានរក្សាគោលបំណង និងគោលជំហរមិនលំអៀង តាំងពីជម្លោះចាប់ផ្តើមមកម្ល៉េះ ។
អ្នកស្រី Mao និយាយថា ចិនចង់ធ្វើការជាមួយសហគមន៍អន្តរជាតិ ដោយអនុលោមតាមគោលបំណងរបស់ភាគីពាក់ព័ន្ធ ដើម្បីបន្តដើរតួនាទីលក្ខណៈស្ថាបនានៅក្នុងដំណោះស្រាយនយោបាយនៃវិបត្តិមួយនេះ ។
អ្នកស្រីបានលើកឡើងថា កាលពីមុនទីក្រុងប៉េកាំងបានគូសបញ្ជាក់ពីគោលជំហររបស់ខ្លួន ពីដំណោះស្រាយនយោបាយចំពោះវិបត្តិ ហើយនិងដាក់ចេញកិច្ចខិតខំការទូត រួមទាំងវិស័យការទូតរបស់ក្រុមអ្នកសម្របសម្រួលមកពីភាគីពាក់ព័ន្ធ និងការបង្កើត “ក្រុមមិត្តដើម្បីសន្តិភាព” នៅអង្គការសហប្រជាជាតិ ។
សេចក្តីអត្ថាធិប្បាយនេះ បានកើតមានឡើង ក្រោយជំនួបកំពូលនៅសេតវិមានកាលពីថ្ងៃចន្ទ ជាទីដែលប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និងក្រុមមេដឹកនាំសម្ព័ន្ធមិត្តអឺរ៉ុប បន្ទាប់ពីជំនួបរបស់លោកកាលពីថ្ងៃសុក្រនៅរដ្ឋ Alaska ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ៕