WHO៖ អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារបាននិយាយថា វីរុសរាតត្បាតសកលនេះនឹងមិនចប់ទេ ខណៈវីរុសបម្លែងខ្លួនថ្មី Omicron បានឆ្លងរាលដាលនៅក្នុងប្រទេសជាច្រើន ដោយព្រមានថា កម្រិតនៃការចម្លងខ្ពស់ជុំវិញពិភពលោកនឹងទំនងជានាំឲ្យមានវីរុសបម្លែងខ្លួនថ្មីៗទៀត ខណៈវីរុសនេះមានសមត្ថភាពប្រែប្រួលយ៉ាងលឿន។

លោកស្រី Maria Van Kerkhove ប្រធានក្រុមបច្ចេកទេសនៃវីរុស Covid-19 របស់អង្គការសុខភាពបាននិយាយអំឡុងសន្និសីទសារព័ត៌មាន ស្ដីពីការវិវឌ្ឍន៍នៃវីរុសកូរ៉ូណាក្នុងទីក្រុងហ្សឺណែវថា យើងបានលឺថា មនុស្សជាច្រើនលើកឡើងថា វីរុសបម្លែងខ្លួនថ្មី omicron គឺជាវីរុសបម្លែងខ្លួនចុងក្រោយ។ និយាយបែបនេះគឺវាមិនត្រូវទេ ព្រោះវីរុសនេះកំពុងធ្វើចរាចរណ៍ក្នុងសន្ទុះដ៏ខ្លាំងក្លាបំផុតក្នុងសកលលោក។ ការឆ្លងថ្មីបានកើនឡើងក្នុងរង្វង់ ២០% នៅទូទាំងពិភពលោកកាលពីសប្ដាហ៍មុន ដោយមានករណីឆ្លងថ្មីសរុបជិត ១៩លាននាក់ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ លោកស្រី Van Kerkhove បានកត់សម្គាល់ថា ការឆ្លងថ្មីដែលពុំបានរាយការណ៍នឹងធ្វើឲ្យចំនួនពិតប្រាកដហក់ឡើងខ្ពស់។
លោកស្រីបន្ថែមថា នៅពេលនេះមិនមែនជាពេលវេលា ដែលត្រូវបន្ធូរបន្ថយវិធានការសុខភាពសាធារណៈឡើយ ដូចជាការកាត់បន្ថយការពាក់ម៉ាស់ និងគម្លាតសុវត្ថិភាពជាដើម។ លោកស្រីបានអំពាវនាវដល់បណ្ដារដ្ឋាភិបាលនានា ពង្រឹងវិធានការទាំងនោះដើម្បីគ្រប់គ្រងការចម្លងវីរុសឲ្យបានល្អប្រសើរជាងនេះ និងទប់ស្កាត់រលកចម្លងនាពេលអនាគត ខណៈវីរុសបម្លែងខ្លួនថ្មីៗលេចវត្តមានជាបន្តបន្ទាប់៕
អត្ថបទ៖ សុខមាន