ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro បានសន្យាដាក់ពង្រាយយុទ្ធជនជីវពលជាង ៤លាននាក់ ជាការឆ្លើយតបនឹងការគំរាមកំហែងថ្មីរបស់សហរដ្ឋអាមេរិក ក្រោយទីក្រុងវ៉ាស៊ីនតោនបង្កើនប្រាក់រង្វាន់សម្រាប់ការចាប់ខ្លួនរូបលោក និងចុះប្រតិបត្តិការប្រឆាំងគ្រឿងញៀនថ្មីនៅតំបន់ការ៉ាអ៊ីប ។
លោក Maduro និយាយនៅក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍កាលពីថ្ងៃចន្ទថា ក្នុងសប្តាហ៍នេះ លោកនឹងដាក់ចេញផែនការពិសេសជាមួយនឹងការចល័តក្រុមជីវពលជាង ៤,៥លាននាក់ ដើម្បីធានាបានការគ្របដណ្តប់ដែនដីជាតិទាំងមូល គឺជាក្រុមជីវពលត្រៀមខ្លួនធ្វើសកម្មភាព និងប្រដាប់ដោយអាវុធ ។
គួរឲ្យដឹងថា កងជីវពលវេណេស៊ុយអេឡា ត្រូវបានបង្កើតឡើងដោយអតីតប្រធានាធិបតីលោក Hugo Chavez ហើយត្រូវបានគេនិយាយជាផ្លូវការថា មានសមាជិកប្រហែល ៥លាននាក់ បើទោះបីជាក្រុមអ្នកវិភាគលើកឡើងថា តួលេខពិតប្រាកដមានចំនួនទាបជាងនេះក៏ដោយ ។ ពលរដ្ឋសរុបនៅក្នុងប្រទេសវេណេស៊ុយអេឡាមានចំនួនប្រហែល ៣០លាននាក់ ។
លោក Maduro បានបរិហារការគំរាមកំហែងដ៏ហួសហេតុ និងចម្លែកពីទីក្រុងវ៉ាស៊ីនតោន ។ សេចក្តីអត្ថាធិប្បាយរបស់លោក បានកើតមានឡើង ក្រោយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpបង្កើនប្រាក់រង្វាន់ទ្វេដងសម្រាប់ការចាប់ខ្លួនលោក Maduro រហូតដល់ ៥០លានដុល្លារ ។ ពួកគេបានចោទប្រកាន់លោក Maduro ថា គឺជាអ្នកដឹកនាំបណ្តាញជួញដូរសារធាតុញៀនកូកាអ៊ីន ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានច្រានចោលជ័យជំនះបោះឆ្នោត ២លើកចុងក្រោយរបស់លោក Maduro កាលពីពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មថ្មីលើរដ្ឋបាលរបស់លោក Maduro និងក្រុមមេខ្លោងជួញដូរគ្រឿងញៀនរងការចោទប្រកាន់ ។ សហរដ្ឋអាមេរិក ពុំបានផ្តល់ភ័ស្តុតាងណាមួយបង្ហាញថាលោក Maduro មានការជាប់ពាក់ព័ន្ធនឹងក្រុមមេខ្លោងជួញដូរគ្រឿងញៀននោះទេ ៕