អ្នកជំនាញផ្នែកនយោបាយឈានមុខគេម្នាក់នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនិយាយថា សន្តិសុខអឺរ៉ុបអាស្រ័យលើការទទួលបានយ៉ាងឆាប់រហ័សកិច្ចព្រមព្រៀងដែលអាចជឿទុកចិត្តមួយសម្រាប់អ៊ុយក្រែនដែលនឹងរារាំងការឈ្លានពាននាពេលអនាគតរបស់រុស្ស៊ី និងហើយការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប ដោយលោកបានធ្វើការព្រមានថា ការពន្យាពេល និងសញ្ញាច្របូកច្របល់ណាមួយ នឹងបង្កហានិភ័យដល់ការអូសបន្លាយពេលសង្រ្គាម ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpនិយាយប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងជួយធានាសន្តិសុខជូនអ៊ុយក្រែន នៅរាល់ការឈានដល់កិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ីនៅទីនោះ បើទោះបីជាទំហំនៃជំនួយពុំត្រូវបានគេដឹងច្បាស់ភ្លាមៗក៏ដោយ ។
លោក Trumpបានធ្វើការសន្យាបែបនេះ អំឡុងជំនួបកំពូលវិសាមញ្ញនៅសេតវិមាន ជាទីដែលលោកទទួលជួបលោក Zelenskiy និងក្រុមមេដឹកនាំអឺរ៉ុប បន្ទាប់ពីជំនួបរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅរដ្ឋ Alaska កាលពីថ្ងៃសុក្រសប្តាហ៍មុន ។
លោក Zelenskiy ចាត់ទុកការសន្យានេះ ថាជាជំហានឆ្ពោះទៅមុខដ៏សំខាន់ ដោយលោកនិយាយថា ការធានានឹងធ្វើជាផ្លូវការនៅលើឯកសារក្នុងរយៈពេល ១សប្តាហ៍ ទៅ ១០ថ្ងៃទៀត ហើយលោកបញ្ជាក់ថា អ៊ុយក្រែនត្រូវបានគេផ្តល់ជូនឲ្យទិញអាវុធតម្លៃ ៩០ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក ៕