មនុស្ស ៣នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ក្រោយពេលអណ្តូងប្រេងខុសច្បាប់នៅជិតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ស្ថិតនៅទីក្រុង Blora កោះជ្វាដែលមានមនុស្សរស់នៅច្រើនបំផុតរបស់ឥណ្ឌូនេស៊ី បានឆាប់ឆេះជាអគ្គិភ័យឡើង ។
ទោះបីជាយ៉ាងណាក៏ដោយ ឧបទ្ទេវហេតុមួយនេះ គ្មានអ្វីចម្លែកនោះទេនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារអ្នកស្រុកនាំគ្នាខួងអណ្តូងប្រេងសហគមន៍ខុសច្បាប់ ហើយពេលខ្លះពួកគេថែមទាំងលួចប្រេងតាមបំពង់បង្ហូរប្រេងទៀតផង ។
ប្រជាពលរដ្ឋប្រហែល ៥០គ្រួសារ និងសត្វចិញ្ចឹមរបស់ពួកគេ រួមទាំងសត្វគោ និងពពែ ត្រូវបានជម្លៀសចេញពីតំបន់ក្បែរកន្លែងកើតហេតុ ខណៈអណ្តូងប្រេងបន្តឆាបឆេះជាអគ្គិភ័យនៅក្នុងភូមិ Gandu រហូតដល់ថ្ងៃចន្ទ ។ អ្នកស្លាប់ និងអ្នករងរបួសរួមទាំងទារកម្នាក់ផងដែរ បានរងការរលាកភ្លើងយ៉ាងធ្ងន់ធ្ងរ ក្នុងនោះអ្នករងរបួសបច្ចុប្បន្នកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ ។
គេហ័រទំព័រ Kompas.com រាយការណ៍ថា ផ្ទះសម្បែងប្រជាពលរដ្ឋមួយខ្នង បានរងការបំផ្លិចបំផ្លាញទាំងស្រុងដោយសារអណ្តាតភ្លើង ហើយផ្ទះពលរដ្ឋ ៥ខ្នងទៀត រងការខូចខាតស្រាល ។
នគរបាលបានបិទផ្លូវចេញ-ចូលតំបន់រងគ្រោះ ហើយនិងស៊ើបអង្កេតស្វែងរកមូលហេតុពិតប្រាកដបណ្តាលឲ្យកើតមានអគ្គិភ័យនៅអណ្តូងប្រេងខុសច្បាប់នេះ ៕