ក្រុមមន្រ្តីសុខភាពនិយាយថា សូម៉ាលីប្រឈមនឹងការរីករាលដាលឆ្លងកើនឡើងនៃជំងឺខាន់ស្លាក់ដែលធ្វើឲ្យមានអ្នកជំងឺដ៏ច្រើនលើសលប់នៅតាមមន្ទីរពេទ្យ ហើយនិងបង្ហាញពីចន្លោះប្រហោងនៃប្រព័ន្ធថែទាំសុខភាពនៅក្នុងប្រទេសមួយនេះ ។
យោងតាមការអះអាងរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ជំងឺខាន់ស្លាក់ គឺជាជំងឺឆ្លងមេរោគបាក់តេរី ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវដង្ហើម និងអាចបង្កជាតិពុលទៅបំផ្លាញបេះដូង និងសរសៃប្រសាទ ។ វារីករាលដាលឆ្លងតាមរយៈការក្អក និងកណ្តាស់ ហើយអាចបណ្តាលឲ្យអ្នកជំងឺ ៣០ភាគរយ ស្លាប់បាន បើសិនជាពុំទទួលបានការព្យាបាលទេនោះ ជាពិសេសនៅក្នុងចំណោមកុមារ ។
នៅមន្ទីរពេទ្យរដ្ឋ Demartino ស្ថិតក្នុងទីក្រុង Mogadishu ក្មេងៗដែលមានបញ្ហាហើមបំពង់ក. និងពិបាកដកដង្ហើម នាំគ្នាសម្រាកនៅលើគ្រែ ខណៈដែលគិលានុបដ្ឋាយិកាចាក់ថ្នាំតាមសរសៃឈាម ហើយវេជ្ជបណ្ឌិតផ្តល់យោបល់ដល់អ្នកជំងឺភិតភ័យ ។ មន្ទីរពេទ្យមួយនេះ ស្ថិតនៅក្នុងចំណោមមន្ទីរពេទ្យជាច្រើនកន្លែងទៀត ដែលពិបាកឆ្លើយតបនឹងការហក់ឡើងខ្ពស់ករណីឆ្លងជំងឺខាន់ស្លាក់ ។
លោកវេជ្ជបណ្ឌិត Aulrasaq Yusuf Ahmed គឺជាប្រធានមន្ទីរពេទ្យ Demartino និយាយថា ពួកយើងត្រូវការថ្នាំអង់ទីប៊ីយោទិច និងថ្នាំដទៃទៀត ហើយនិងមន្ទីរពិសោធន៍សម្រាប់ជំងឺខាន់ស្លាក់ ។ ពួកយើងត្រូវការថ្នាំពេទ្យទាំងអស់នេះ ដើម្បីសង្រ្គោះអាយុជីវិតមនុស្ស ដើម្បីសង្រ្គោះជីវិតកុមារដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ការរីករាលដាលឆ្លងជំងឺខាន់ស្លាក់ បានកើតមាន ស្របពេលដែលប្រទេសសូម៉ាលី មើលឃើញការធ្លាក់ចុះជំនួយបរទេស ។ ការប្តេជ្ញាផ្តល់ជំនួយជាថវិការបស់សហរដ្ឋអាមេរិកដល់ប្រទេសសូម៉ាលី ធ្លាក់ដល់ចំនួន១៤៩លានដុល្លារ ក្នុងឆ្នាំសារពើពន្ធនេះ ពីចំនួនថវិកា ៧៦៥លានដុល្លារកាលពីរយៈពេល ១ឆ្នាំមុន ។
ការកាត់បន្ថយជំនួយនេះដែរ នាំឲ្យមានការបិទដំណើរការមណ្ឌលសុខភាពរាប់រយកន្លែង ហើយនិងការដួលរលំនៃក្រុមផ្តល់វ៉ាក់សាំងចល័តដែលធ្លាប់ទៅដល់តំបន់ដាច់ស្រយាល ។
លោក Ali Haji Adam គឺជារដ្ឋមន្រ្តីក្រសួងសុខាភិបាលសូម៉ាលីនិយាយថា ការកាត់ផ្តាច់ជំនួយសហរដ្ឋអាមេរិក បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលនិធិសុខភាព ដែលធ្លាប់ផ្តល់ជូនប្រទេសសូម៉ាលី ។ មណ្ឌលសុខភាពជាច្រើនកន្លែង បានបិទដំណើរការ ក្រុមផ្តល់វ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់ដែលធ្លាប់នាំយកវ៉ាក់សាំងទៅកាន់តំបន់ដាច់ស្រយាល បានបាត់បង់មូលនិធិ ហើយបច្ចុប្បន្នពុំមានការងារធ្វើនោះទេ ៕