ក្រុមការងារសុខភាពនៅរដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ា បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វា នៅក្នុងយុទ្ធនការមួយមានគោលដៅទប់ស្កាត់ការរីករាលដាលឆ្លងជំងឺវីរុសមួយនេះ នៅតាមតំបន់ប្រឈមហានិភ័យខ្ពស់បំផុតនៃការឆ្លង ។
យុទ្ធនាការចាក់វ៉ាក់សាំងនេះ មានគោលដៅសំខាន់លើក្រុមមនុស្សមានហានិភ័យខ្ពស់បំផុត រួមទាំងក្រុមការងារថែទាំសុខភាពដែលខូចប្រព័ន្ធភាពស៊ាំ ហើយនិងប្រជាពលរដ្ឋនៅតាមតំបន់សហគមន៍រងផលប៉ះពាល់ ។
យុទ្ធនាការនេះ បានកើតមានឡើង ក្រោយតំបន់សហគមន៍ជាច្រើននៅរដ្ឋ Kaduna រកឃើញករណីឆ្លងជំងឺអុតស្វាច្រើន បង្ខំឲ្យក្រុមអាជ្ញាធរ ចុះធ្វើការអន្តរាគមន៍នៅទូទាំងតំបន់សហគមន៍ចំនួន ៧កន្លែងដែលមានហានិភ័យខ្ពស់ ។
នៅតាមទីតាំងចាក់វ៉ាក់សាំង ប្រជាពលរដ្ឋនាំគ្នាតម្រង់ជួរ រង់ចាំទទួលវ៉ាក់សាំងរបស់ពួកគេ ក្នុងនោះពលរដ្ឋជាច្រើន បង្ហាញពីអារម្មណ៍ធូរស្បើយរបស់ពួកគេចំពោះលទ្ធភាពនៃការបង្ការប្រឆាំងនឹងជំងឺមួយនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីសុខភាពនិយាយថា ពួកគេប្រឈមនឹងការលំបាកច្រើន ក្នុងការលើកម្ពស់ការយល់ដឹងចំពោះសារៈសំខាន់នៃការទទួលវ៉ាក់សាំងនៅតាមសហគមន៍ក្នុងស្រុក ។
លោក Sa’adatu Suleiman គឺជាមន្រ្តីជូនដំណឹងការតាមដានជំងឺអុតស្វានិយាយថា ពលរដ្ឋមួយចំនួន ពុំបានដឹងនោះទេពីហានិភ័យនៃជំងឺអុតស្វា ពួកគេពុំដឹងពីគ្រោះថ្នាក់នៃជំងឺមួយនេះឡើយ នោះហើយគឺជាបញ្ហាដែលពួកយើងមាន ។ ពួកយើងព្យាយាមពន្យល់ពួកគេ ឲ្យពួកគេយល់ពីគ្រោះថ្នាក់នៃជំងឺមួយនេះ ៕