ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ ខែមករាឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដឹកនាំដោយឯកឧត្តម លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន។
នៅក្នុងជំនួបដែលធ្វើឡើងនៅឯសណ្ឋាគារសុខាខេត្តព្រះសីហនុ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់អំពីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ជាពិសេសយុទ្ធនាការនៃការចាក់វ៉ាក់សាំង។
អ្វីដែលកម្ពុជាក៏ដូចជាសមាជិកអាស៊ានដទៃទៀតបាន និងកំពុងធ្វើកន្លងទៅនេះបានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីធ្វើយ៉ាងណាស្ដារវិស័យទេសចរណ៍នៅក្នុងតំបន់អាស៊ាន។
សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា រហូតមកដល់ពេលនេះ ការប្រើប្រាស់វ៉ាក់សាំងពិតជាមានឥទ្ធិពល និងមានប្រសិទ្ធភាព ដែលកន្លងមកនេះបញ្ហានៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ក៏ដូចជាទេសចរណ៍ក្នុងតំបន់អាស៊ានផងដែរ។ ជាក់ស្ដែងមុនពេលមានជំងឺកូវីដ១៩ កម្ពុជាទទួលភ្ញៀវទេសចរប្រមាណជា ៦ លាននាក់ ហើយក្រោយពេលមានជំងឺកូវីដ១៩ភ្ញៀវទេសចរអន្តរជាតិបានធ្លាក់មកត្រឹម ២ម៉ឺននាក់ប៉ុណ្ណោះ ។ សម្ដេចតេជោ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជួយ ដល់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋដែលមានផលប៉ះពាល់ដោយជំងឺកូវីដ១៩ នេះ។
សម្ដេចតេជោ ក៏បានជម្រាបជូនដល់បណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានថា កម្ពុជាខិតខំជំរុញការចាក់វ៉ាក់សាំងដុសជំរុញគឺដូសទី៣ និងដូសទី៤ សម្រាប់អ្នកដែលស្ថិតនៅជួរមុខ។ ដែលកត្តាទាំងអស់នេះ ធ្វើឲ្យកម្ពុជាអាចមានឱកាសបើកប្រទេសជាតិឡើងវិញ។នៅពេលនេះ ដោយសារកម្ពុជាបានស្រោចវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ យើងបានបើកប្រទេសឡើងវិញ ដោយមិនមានការធ្វើចត្តាឡីស័ក នៅពេលនេះទេ។
លើសពីនេះទៀត សម្ដេចបានគូសបញ្ជាក់ថា ពេលយើងមានកូវីដ-១៩ យើងបានឃើញថាសមាជិកអាស៊ាននីមួយៗ បានចាត់វិធានការខុសៗគ្នាក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ហើយយើងពិតជាគ្មានជម្រើសសោះដោយសារជំងឺកូវីដ-១៩នេះ ដោយវាបានជះឥទ្ធិពលយ៉ាងខ្លាំងហើយបណ្ដាប្រទេសសមាជិកអាស៊ាននីមួយៗ ត្រូវតែការពារជីវិតប្រជាពលរដ្ឋរបស់ខ្លួនប៉ុន្តែក្រោយពីយើងចាក់វ៉ាក់សាំងហើយយើងកាត់បន្ថយនិងបានរៀនរស់ជាមួយនឹងកូវីដ-១៩។
សម្ដេច ក៏បានគូសបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលឆ្នាំ ២០២០ ដោយសារឥទ្ធិពលនៃកូវីដ-១៩ កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះ ប៉ុន្តែឆ្នាំ២០២១កន្លងទៅ បានឡើងជាង៣% ឯណោះ ខណៈធនាគារពិភពលោកបានទស្សន៍ទាយថាអាចកើនឡើងបានប្រមាណ២% ប៉ុន្តែជាក់ស្ដែងបានកើនឡើងរហូតដល់ជាង៣%ឯណោះ។
សម្ដេច បានបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នបានប្រសើរហើយៗសម្ដេចបានស្នើឲ្យមានការជំរុញការធ្វើដំណើរក្នុងអាស៊ានជាពិសេសគួរពិនិត្យឡើងវិញនូវការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងវិស័យទេសចរណ៍នេះ ដោយសម្តេចស្នើឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះ ពិនិត្យមើលឡើងវិញ ដោយសារទេសចរណ៍ជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ច ម្យ៉ាងទៀតដោយសារទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាការសំខាន់ផងដែរ។
សម្ដេច បានជម្រាបទៀតថា កន្លងមកកម្ពុជាមានប៉ូលសេដ្ឋកិច្ចរហូតដល់ ៣ គឺមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយឥឡូវនេះ រាជរដ្ឋាភិបាលក៏បានបង្កើតប៉ូលទី៤ ផងដែរ នៅប៉ែកឦសានប្រទេសដែលមាន ឧស្សាហកម្ម កសិកម្ម មានដូចជាកាហ្វេនិងគ្រាប់ស្វាយចន្ទីជាដើម។
លើសពីនេះទៀតសម្ដេចតេជោ បានគូសបញ្ជាក់អំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការវិនិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ និងខេត្តសៀមរាបដោយ កម្ពុជាបានចាយថវិកាមួយចំនួនក្នុងការកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ជាដើម។
សម្ដេច បានគូសបញ្ជាក់ថា យើងនឹងបញ្ចប់ការកសាងផ្លូវល្បឿនលឿននៅពេលខាងមុខពីភ្នំពេញទៅខេត្តព្រះសីហនុ ហើយកំពុងពិចារណាលើការកសាងផ្លូវរថភ្លើងល្បឿនលឿនផងដែរ រវាងភ្នំពេញនិងប្រទេសថៃ និងភ្នំពេញប្រទេសវៀតណាម នៅពេលអនាគត។
ឯកឧត្តម អគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ថា ឯកឧត្តមពិតជាថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រីចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចនៅក្នុងកម្មវិធីបើកវេទិកាទេសចរណ៍អាស៊ានក៏ដូចជាក្នុងកម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានផងដែរ។
ឯកឧត្តម បន្តថា អ្វីដែលសម្ដេចបានលើកឡើងក្នុងការជំរុញសមាហរណកម្មអាស៊ាន ជាពិសេសឧស្សាហកម្មទេសចរណ៍ជាតែម្ដង ដែលកន្លងមកមានការប៉ះពាល់យ៉ាងខ្លាំងដោយសារការជះឥទ្ធិពលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩។
ឯកឧត្តមថា អ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីផ្ដល់វត្តមាននិងសន្ទរកថារបស់សម្ដេចបានលើកទឹកចិត្តនិងណែនាំឲ្យបណ្ដាប្រទេសអាស៊ានបន្តខិតខំក្នុងការជំរុញធ្វើយ៉ាងណាឱ្យបានជាលទ្ធផលផ្លែផ្កាជាក់ស្ដែងនៅពេលខាងមុខ ហើយឯកឧត្តមក៏បានសាទរកម្ពុជាដែលបានបើកវេទិកាទេសចរណ៍អាស៊ានលើកដំបូងក្នុងរយៈពេល២ឆ្នាំ ដោយសារយើងមិនបានរៀបចំពីមុនមកដោយសារបញ្ហាកូវីដ-១៩។ដូច្នេះអ្វីដែលកម្ពុជាបានធ្វើនេះជាជោគជ័យហើយកន្លែងដែលល្អក្នុងការជំរុញឲ្យមានវេទិកាទេសចរណ៍អាស៊ានកម្ពុជានេះគឺល្អណាស់។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមមានប្រសាសន៍ផងដែរថាការដែលយើងរៀបចំបើកឡើងវិញវេទិកាទេសចរណ៍អាស៊ាននេះក៏បញ្ជាក់អំពីការបើកឡើងវិញនៃទេសចរណ៍អាស៊ានផងដែរ។
ឯកឧត្តមបញ្ជាក់ថា កន្លងទៅមុនកូវីដ-១៩ ផ្នែកវិស័យទេសចរណ៍បើគិតជា GDPស្មើនឹង១៤,៣%នៃ GDPអាស៊ានសរុបទាំងមូល ហើយបើគិតនៅក្នុងមុខរបរការងារក្នុងអាស៊ានគឺស្មើប្រមាណជាង១៣%ឯណោះ។ដូច្នេះវិស័យទេសចរណ៍នេះ សំខាន់ណាស់សម្រាប់ទ្រទ្រង់សហគ្រាសនៃមីក្រូតូច និងមធ្យមក្នុងអាស៊ានហើយក៏ជាផ្នែកមួយដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងអាស៊ាន។
ឯកឧត្តម បានបញ្ជាក់សារជាថ្មីថា ការប្រជុំនៅខេត្តព្រះសីហនុសម្រាប់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះគឺបានបញ្ជូនសារសំខាន់ណាស់អំពីការធ្វើដំណើរសម្រាប់ទេសចរណ៍ក្នុងអាស៊ានឡើងវិញក៏ដូចជាសម្រាប់ជូនសារទៅក្រៅតំបន់អាស៊ានថាវិស័យទេសចរណ៍អាស៊ានបានបើកឡើងវិញហើយ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមគូសបញ្ជាក់ថា នៅប្រទេសកម្ពុជាកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នឹងអនុម័តលើឯកសារមួយចំនួនជាពិសេសក្នុងការស្ដារឡើងវិញលើវិស័យទេសចរណ៍ក្រៅពីកូវីដ ហើយជាពិសេសទៀតសេចក្តីប្រកាសទីក្រុងភ្នំពេញនេះធ្វើយ៉ាងណាជំរុញទេសចរណ៍ដែលមានលក្ខណៈធន់និងបត់បែន។
ឯកឧត្តមបញ្ជាក់ដែរថា ការងារអាទិភាពរបស់កម្ពុជាឆ្នាំនេះក្នុងក្របខណ្ឌវិស័យទេសចរណ៍គឺជំរុញធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចអាស៊ានងើបឡើងវិញហើយវិស័យទេសចរណ៍នេះគឺអាចចូលរួមក្នុងការអនុវត្តនូវគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការជួយជម្រុញសេដ្ឋកិច្ចអាស៊ានក្នុងការពង្រឹងវិស័យទេសចរណ៍អាស៊ាន ជាពិសេសដល់អ្នកដែលប្រកបអាជីពលើវិស័យទេសចរណ៍នេះ។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ទៀតថា យើងនឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយបណ្ដាសមាជិកអាស៊ានទាំងអស់ធ្វើយ៉ាងម៉េចបើកឡើងវិញវិស័យទេសចរណ៍ហើយសំខាន់ណាស់អ្វីដែលសម្ដេចតេជោបានស្នើឲ្យអាស៊ានធ្វើយ៉ាងណារៀបចំបើកនិងអនុវត្តរបៀងអាស៊ានសម្រាប់ការធ្វើដំណើររបស់អាស៊ានយើងមានផែនការក្នុងការបើកនិងជំរុញជាពិសេសការធ្វើដំណើរទេសចរណ៍នៅពេលខាងមុខនេះ ជាពិសេសពាក់ព័ន្ធផ្នែកផ្សេងៗទៀតដូចជាសុខាភិបាល ដឹកជញ្ជូននិងការបរទេស។
ដូច្នេះអគ្គលេខាធិការបានសន្យាជាមួយសម្ដេចតេជោថា អគ្គលេខាធិការអាស៊ាននឹងខិតខំធ្វើការងារជាមួយសមាជិកអាស៊ានដៃគូពាក់ព័ន្ធនឹងវិស័យមួយចំនួនធ្វើយ៉ាងណាជំរុញឲ្យអនុវត្តបានក្នុងការធ្វើដំណើរនៅក្នុងក្របខ័ណ្ឌអាស៊ាន ប៉ុន្តែអ្វីដែលចាំបាច់គឺត្រូវរៀបចំឱ្យមានផែនការសកម្មភាពហើយការងារនិងលើកយកមកពិភាក្សានៅក្នុងខែមិនាខាងមុខនៅពេលរដ្ឋមន្ត្រីសុខាភិបាលជួបគ្នានៅពេលខាងមុខ៕





