ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលដែនដីហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារ (១៩ សីហា) ថា យ៉ាងហោចណាស់មានកុមារចំនួន ១៨.៨៨៥នាក់ បានស្ថិតនៅក្នុងចំណោមជនប៉ាឡេស្ទីនជាង ៦២.០០០នាក់ ដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរបស់ខ្លួនលើតំបន់ហ្កាហ្សា ជិត ២ឆ្នាំមុនមក។

ចំនួនអ្នកស្លាប់ដ៏គួរឱ្យសង្វេគនេះ បានកើតឡើងខណៈដែលទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA ក៏បានព្រមានកាលពីថ្ងៃអង្គារដដែលនេះថា ពុំមានទីណាមានសុវត្ថិភាពឡើយសម្រាប់ក្មេងៗនៅក្នុងតំបន់ហ្កាហ្សា ហើយភាពអត់ឃ្លានដែលបង្កឡើងដោយអ៊ីស្រាអែលនៅទីនោះ កំពុងកើនឡើងទប់មិនជាប់ ដោយសារតែការរាំងខ្ទប់ជំនួយ និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត។
ដោយដកស្រង់ពីមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ UNICEF; ទីភ្នាក់ងារ UNRWA បានកត់សម្គាល់ថា ក្នុងរយៈពេល ៥ខែចុងក្រោយនៃសង្រ្គាម ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចុងក្រោយបំផុតបានដួលរលំ និងការវាយប្រហារពីអ៊ីស្រាអែលបានបន្តឡើងវិញមក "គិតជាមធ្យម មានកុមារជាង ៥៤០នាក់ ត្រូវបានសម្លាប់ជារៀងរាល់ខែ នៅក្នុងរបាយការណ៍នីមួយៗដែលខ្លួនទទួលបាន"។
លើសពីនេះ កងកម្លាំងអ៊ីស្រាអែល ក៏កំពុងបង្កើនការវាយប្រហារលើទីក្រុងហ្កាហ្សាផងដែរ បើទោះបីជាមានការព្រមានជាសកលជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់ការពង្រីកប្រតិបត្តិការសឹកនៅទីនោះក៏ដោយ។ នៅទីក្រុងហ្កាហ្សាភាគខាងត្បូង កងកម្លាំងអ៊ីស្រាអែលបានបំផ្ទុះផ្ទះសម្បែង ខណៈការបាញ់ប្រហារយ៉ាងខ្លាំងក្លាត្រូវបានរាយការណ៍នៅក្នុងសង្កាត់ Tuffah ភាគខាងកើតទីក្រុងនេះ៕

