ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបន្តជួយសម្របសម្រួលដល់ពលករខ្មែរជាច្រើនរូបដែលទើបវិលត្រឡប់មកពីប្រទេសថៃ បានទទួលឱកាសការងារល្អនៅក្នុងក្រុមហ៊ុន ឆាយ ណាជីនវ័រយាន អ៊ីមផត អ៊ិចផត ខេមបូឌា ឯ.ក ដែលជាក្រុមសម្ងួតវេចខ្ចប់ផ្លែមៀនសម្រាប់នាំចេញ ស្របតាមការអំពាវនាវរបស់ រាជរដ្ឋាភិបាល ឱ្យបងប្អូនពលករខ្មែរ វិលត្រឡប់មកធ្វើការនៅក្នុងប្រទេសវិញ ព្រោះមានការងារសម្បូរបែបរាប់ម៉ឺន កន្លែងកំពុងនៅរង់ចាំ ។
លោកជំទាវ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនពលករដែលបានវិលត្រឡប់មកពីថៃវិញ ដោយបច្ចុប្បន្ន ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ដល់បងប្អូនពលករខ្មែរ សម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យមើលលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ ដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬក្នុងមួយរយៈ ពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។
សូមបញ្ជាក់ថា នាពេលកន្លងមក តាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានធ្វើការជូនសេចក្តីជូនដំណឹងដល់បងប្អូនកូនក្មួយ ដែលមានបំណងចង់រកការងារធ្វើសូមទំនាក់ទំនងមកក្រុមការងាររបស់រដ្ឋបាលខេត្ត ដើម្បីចុះឈ្មោះធ្វើការជាមួយក្រុមហ៊ុនក្នុងខេត្តប៉ៃលិន ដោយត្រូវការជ្រើសរើសកម្មករកាត់ទងផ្លែមៀនចំនួន ១៨០០នាក់៕





