នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់ប្រធានាធិបតីបារាំង លោក Emmanuel Macron ថាបានជំរុញឱ្យមានការប្រឆាំងជ្វីហ្វនិយម ដោយឈានទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ មេដឹកនាំអ៊ីស្រាអែល បាននិយាយថា ការប្រឆាំងជ្វីហ្វនិយមបាន «កើនឡើង» នៅក្នុងប្រទេសបារាំង ចាប់តាំងពីការប្រកាសរបស់លោក Macron កាលពីខែមុន និងបានព្រមានថាចំណាត់ការរបស់ប្រទេសបារាំងបានផ្តល់រង្វាន់ដល់ក្រុមហាម៉ាស ខណៈបង្កគ្រោះថ្នាក់ដល់ជនជាតិជ្វីហ្វបារាំង។

លោក Macron បាននិយាយថា ប្រទេសបារាំង នឹងទទួលស្គាល់ជាផ្លូវការរដ្ឋប៉ាឡេស្ទីនក្នុងអំឡុងកិច្ចប្រជុំអង្គការសហប្រជាជាតិនៅក្នុងខែកញ្ញាខាងមុខ ដោយធ្វើឲ្យមានរិះគន់យ៉ាងខ្លាំងពីសំណាក់អ៊ីស្រាអែល។ តាមរយៈការប្រកាសនេះ ទីក្រុងប៉ារីសនឹងចូលរួមក្នុងបញ្ជីប្រទេសដែលកំពុងតែកើនឡើងជុំវិញការទទួលស្គាល់ភាពជារដ្ឋនៃដែនដីប៉ាឡេស្ទីន ចាប់តាំងពីសង្គ្រាមតំបន់ហ្កាហ្សាបានចាប់ផ្តើមជិតពីរឆ្នាំមកនេះ។

រដ្ឋមន្ត្រីបារាំងម្នាក់បាននិយាយវាយបកវិញកាលពីថ្ងៃអង្គារថា ការតតាំងប្រឆាំងជ្វីហ្វនិយមពុំត្រូវបាន«ផ្តល់ផលប្រយោជន៍» ទេ។ នៅក្នុងលិខិតរបស់លោកទៅកាន់លោកMacron លោកNetanyahu បាននិយាយថាការសម្រេចចិត្តរបស់ប្រទេសបារាំងបានចាក់ «សាំងលើភ្លើងក្នុងការប្រឆាំងជ្វីហ្វនិយម»។