រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent កាលពីថ្ងៃអង្គារ បានចោទប្រកាន់ប្រទេសឥណ្ឌាពីការទទទួលបានប្រាក់ចំណេញពីការទិញប្រេងពីរុស្ស៊ីដែលបានបង្កើនក្នុងអំឡុងសង្រ្គាមនៅអ៊ុយក្រែនដោយនិយាយថាទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកការអនុវត្តបែបនេះថាមិនអាចទទួលយកបាន។

លោក Bessent បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNBC ថា ប្រេងរុស្ស៊ីបច្ចុប្បន្ននេះមានចំនួន៤២ភាគរយនៃការនាំចូលប្រេងសរុបរបស់ប្រទេសឥណ្ឌា ដែលកើនឡើងពីតិចជាង១ភាគរយនៅមុនពេលសង្រ្គាម។ លោកបានប្រៀបធៀបទៅនឹងប្រទេសចិនដែលការនាំចូលប្រេងរបស់រុស្ស៊ី បានកើនឡើងបន្តិចដល់ ១៦ ភាគរយពី១៣ភាគរយ។

លោក Bessent បាននិយាយថា «ប្រទេសឥណ្ឌាទទួលបានប្រាក់ចំណេញ។ ប្រទេសនេះកំពុងលក់ប្រេងបន្ត»។ ឥណ្ឌាទិញប្រេងពីរុស្ស៊ីក្នុងតម្លៃថោក ហើយលក់បន្តដែលវាបានកើតឡើងក្នុងអំឡុងពេលសង្រ្គាម ដែលនេះមិនអាចទទួលយកបានឡើយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងខែនេះបានប្រកាសពន្ធបន្ថែម២៥ភាគរយលើទំនិញឥណ្ឌាជាការដាក់ទណ្ឌកម្មលើទីក្រុងញូវឌេលីសម្រាប់ការទិញប្រេងពីរុស្សី ដែលនាំឱ្យការដំឡើងពន្ធបន្ថែមសរុបលើការនាំចេញរបស់ឥណ្ឌាមានរហូតដល់៥០ភាគរយចាប់តាំងពីលោកឡើងកាន់តំណែង។
លោក Trump បានចាត់ទុកការដំឡើងពន្ធនេះជាមួយនឹងការបង្កើនសម្ពាធលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាការឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។