ប្រទេសចិន នឹងធ្វើក្បួនព្យុហយាត្រាយោធាដ៏ធំមួយនៅខែកញ្ញា ដោយមានការចូលរួមពីមនុស្សរាប់ម៉ឺននាក់នៅកណ្តាលទីក្រុងប៉េកាំង ដើម្បីរំលឹកខួប ៨០ឆ្នាំ ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរក្រោយការចុះចាញ់របស់ជប៉ុន។

មន្ត្រីយោធាបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធ (២០ សីហា) នេះថា យន្តហោះរាប់រយគ្រឿង រួមទាំងយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក ព្រមទាំងយុទ្ធោបករណ៍ថ្មើរជើង ដែលខ្លះមិនធ្លាប់ត្រូវមើលឃើញជាសាធារណៈពីមុនមក ក៏នឹងត្រូវដាក់បង្ហាញនៅក្នុងក្បួនដង្ហែនោះផងដែរ។
ក្បួនដង្ហែរនៅថ្ងៃទី៣ ខែកញ្ញា ខាងមុខនេះ ដែលជាក្បួនទ្រង់ទ្រាយធំលើកទីពីរហើយចាប់តាំងពីឆ្នាំ២០១៥មក ដើម្បីប្រាព្ធទិវាជ័យជម្នះក្នុងសង្រ្គាមលោកលើកទីពីរឆ្នាំ១៩៤៥ នឹងក្លាយជាទីលានបង្ហាញសាច់ដុំយោធារបស់ចិន ខណៈប្រទេសជិតខាង និងប្រទេសលោកខាងលិចមួយចំនួន កំពុងសម្លឹងមើលដោយក្តីបារម្ភ ដោយសារឥទ្ធិពលកើនឡើងនៃកម្លាំងកងទ័ពរំដោះប្រជាជនចិន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
រាប់ចាប់ពីយានដឹកទំនិញបំពាក់យុទ្ធោបករណ៍ រហូតដល់យានដ្រូន រថក្រោះថ្មី និងយន្តហោះឱ្យសញ្ញាព្រមានជាមុនដើម្បីការពារនាវាផ្ទុកយន្តហោះរបស់ចិន; ក្រុមអនុព័ន្ធយោធា និងអ្នកវិភាគសន្តិសុខបាននិយាយថា ពួកគេកំពុងរំពឹងថា ប្រទេសចិននឹងបើកបង្ហាញសព្វាវុធ និងគ្រឿងយុទ្ធោបករណ៍ថ្មីៗជាច្រើនទៀតនៅក្នុងក្បួនដង្ហែដ៏ធំសម្បើមនេះ៕


