ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ (១៩ សីហា) ថា ខ្លួនសម្រេចចិត្តដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម នៅក្នុងផលិតផលជាង ៤០០ប្រភេទ រួមទាំងទួរប៊ីនខ្យល់ធំៗ (វាយោអគ្គិសនី) ឧបករណ៍ស្ទូចចល័ត ឧបករណ៍ប្រើប្រាស់ទូទៅ គ្រឿងចក្រឈូសឆាយ និងឧបករណ៍ធុនធ្ងន់ផ្សេងទៀត រួមជាមួយនឹងយានសម្រាប់ផ្លូវដែក ទោចក្រយានយន្ត ម៉ាស៊ីនប្រើនៅសមុទ្រ គ្រឿងសង្ហារឹម និងផលិតផលរាប់រយមុខផ្សេងទៀត។

ក្រសួងពាណិជ្ជកម្មលម្អិតថា សរុបទាំងអស់មានប្រភេទផលិតផល ៤០៧មុខ ត្រូវដាក់បញ្ចូលក្នុងបញ្ជីផលិតផលបានមកពីដែកថែប និងអាលុយមីញ៉ូម ដែលគ្របដណ្តប់ដោយពន្ធតាមវិស័យ ជាមួយនឹងការដំឡើងពន្ធ ៥០% លើប្រភេទដែក និងអាលុយមីញ៉ូមនៃផលិតផលទាំងនេះ បូកនឹងអត្រាពន្ធតាមប្រទេស លើប្រភេទមិនមែនដែកថែប និងមិនមែនអាលុយមីញ៉ូម។
ស្ថាប័នវិនិយោគសកល Evercore ISI បាននិយាយក្នុងកំណត់ត្រាស្រាវជ្រាវមួយថា ការដំឡើងពន្ធនេះគ្របដណ្តប់លើកូដផលិតផលជាង ៤០០មុខ ដែលតំណាងឱ្យជាង ២០០ពាន់លានដុល្លារ ក្នុងការនាំចូលកាលពីឆ្នាំមុន។
ក្រសួងពាណិជ្ជកម្មអាមេរិក ក៏បានបន្ថែម គ្រឿងបន្លាស់នាំចូលសម្រាប់ប្រព័ន្ធបញ្ចេញឧស្ម័នរបស់រថយន្ត និងដែកថែបអគ្គិសនី ដែលត្រូវការសម្រាប់រថយន្តអគ្គិសនី EV ទៅក្នុងបញ្ជីពន្ធគយថ្មីនេះ ក៏ដូចជាបំណែកធាតុផ្សំសម្រាប់រថយន្តក្រុង ម៉ាស៊ីនត្រជាក់ ព្រមទាំងឧបករណ៍ប្រើប្រាស់ទូទៅ រួមមានទូទឹកកក ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនសម្ងួតសម្លៀកបំពាក់ជាដើម។
ក្រុមហ៊ុនផលិតរថយន្តបរទេសមួយក្រុម ធ្លាប់បានជំរុញឱ្យក្រសួងពាណិជ្ជកម្មកុំបន្ថែមគ្រឿងបន្លាស់បែបនេះចូលបញ្ជីដំឡើងពន្ធអី ដោយលើកហេតុផលថា សហរដ្ឋអាមេរិកបច្ចុប្បន្ន មិនមានសមត្ថភាពក្នុងស្រុកដើម្បីដោះស្រាយតម្រូវការលើឧបករណ៍ទាំងនេះបានឡើយ៕

