អភិបាលរដ្ឋមកពីរដ្ឋចំនួន៦ដឹកនាំដោយគណបក្សសាធារណរដ្ឋ កំពុងបញ្ជូនទាហានរាប់រយនាក់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌី.ស៊ី ជំរុញដោយចំណាត់ការដ៏ខ្លាំងក្លារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការដាក់ពង្រាយទាហាននិងភ្នាក់ងារសហព័ន្ធនៅក្នុងទីក្រុង ជាអ្វីដែលលោកនិយាយថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មហិង្សា។

ចំណាត់ការនេះធ្វើឡើងនៅពេលដែលរដ្ឋបាល លោក Trump នៅសប្តាហ៍នេះ បានបញ្ជាឱ្យរដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោនឌី.ស៊ី កំណត់ឱ្យកាន់តែច្បាស់លាស់ក្នុងការស៊ើបអង្កេតករណីឧក្រិដ្ឋកម្មប្រឆាំងអ្នកដែលត្រូវបានចាប់ខ្លួនជាផ្នែកនៃការបង្រ្កាបនៅក្នុងរដ្ឋធានីរបស់ប្រទេស។

អភិបាលរដ្ឋMississippi រដ្ឋLouisiana និងរដ្ឋTennessee ដឹកនាំដោយគណបក្សសាធារណរដ្ឋ បាននិយាយថា ពួកគេកំពុងដាក់ពង្រាយកងទ័ពទៅកាន់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្មានថ្ងៃបន្ទាប់ពីអភិបាលរដ្ឋ West Virginia រដ្ឋSouth Carolina និងរដ្ឋOhio ក៏បានធ្វើដូច្នេះដែរតាមសំណើរបស់រដ្ឋបាល លោកTrump។
កាលពីថ្ងៃទី១១ ខែសីហា លោក Trump បានប្រកាសពីការកាន់កាប់បណ្តោះអាសន្ននៃកងកម្លាំងនគរបាលរបស់ទីក្រុងវ៉ាស៊ីនតោន ដោយនិយាយថាលោកកំពុងបញ្ជូនសមាជិកឆ្មាំជាតិរបស់សហព័ន្ធចំនួន៨០០នាក់ ដើម្បីទប់ស្កាត់ទៅនឹងអ្វីដែលលោកហៅថាភាពអាសន្នឧក្រិដ្ឋកម្ម ទោះបីជាឧក្រិដ្ឋកម្មនៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ កំពុងថយចុះក៏ដោយ។
រដ្ឋាភិបាលសហព័ន្ធក៏បានបញ្ជូនភ្នាក់ងារមកពីទីភ្នាក់ងារជាច្រើន រួមមានទាំង FBI ដើម្បីល្បាតតាមដងផ្លូវក្នុងទីក្រុង។