រុស្ស៊ី បានបញ្ជាក់ឡើងវិញពីជំហររបស់ខ្លួនកាលពីថ្ងៃអង្គារ (១៩ សីហា) ថា កិច្ចព្រមព្រៀងណាមួយស្តីពីសន្តិភាពអ៊ុយក្រែន ចាំបាច់ត្រូវតែធានាសន្តិសុខរបស់រុស្ស៊ី និងសុវត្ថិភាពជនជាតិរុស្ស៊ីនៅក្នុងអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តរបស់ទីក្រុងគីវ បានជួបប្រជុំគ្នាដើម្បីពិភាក្សាពីលទ្ធភាពនៃកិច្ចចរចាសន្តិភាព បន្ទាប់ពីជំនួបកំពូលដែលស្នើឡើងរវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin ។

ក្តីសង្ឃឹមនៃការទម្លាយភាពជាប់គាំងក្នុងជម្លោះជាច្រើនឆ្នាំបានកើនឡើង នៅពេលលោក Zelenskiy និងមេដឹកនាំអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបាននិយាយថា លោកក៏សន្ទនាតាមទូរសព្ទជាមួយសមភាគីរុស្ស៊ី ផងដែរ ហើយកំពុងរៀបចំជំនួបកំពូលរវាងមេដឹកនាំនៃភាគីជម្លោះទាំងពីរ។
យ៉ាងណាក៏ដោយ រុស្ស៊ីបានព្រមានថា ដំណោះស្រាយណាមួយនៃសង្គ្រាមនៅអ៊ុយក្រែន គឺត្រូវតែគោរព "ផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ី" ដោយរដ្ឋមន្ត្រីការបរទេសរបស់ទីក្រុងមូស្គូ លោក Sergei Lavrov បានបន្ថែមថា កិច្ចប្រជុំណាមួយរវាងមេដឹកនាំទាំងពីរ "ត្រូវតែរៀបចំឱ្យបានហ្មត់ចត់បំផុត"។ ប្រមុខការទូតរុស្ស៊ីរូបនេះសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់ជម្លោះក៏ត្រូវតែធានានូវសិទ្ធិរបស់ "ប្រជាជននិយាយភាសារុស្ស៊ី ដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន"។
កិច្ចពិភាក្សាទល់មុខគ្នាដែលអាចកើតមានរវាងលោក Zelenskiy និងលោក Putin នឹងក្លាយជាជំនួបលើកដំបូងបំផុតរបស់មេដឹកនាំទាំងពីរ ចាប់តាំងពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី កាលពីជាង ៣ឆ្នាំមុនទៅលើអ៊ុយក្រែន៕

