ឧត្តរមានជ័យ៖ ផ្លូវក្រាលកៅស៊ូលេខ២២ មួយកន្លែងស្ថិតនៅចំណុចភូមិកំណប់សង្កាត់បន្សាយរាក ក្រុងសំរោង ខេត្តឧត្តរមានជ័យ បច្ចុប្បន្នកំពុងទទួលរងការខូតខាត ដោយសារតែរថយន្តដឹកដីធំៗ និងរថយន្តដឹកទំនិញធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវនេះ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ប៊ុន រឿន ដែលមានមុខរបរជាជាងចាក់លូ រស់នៅក្បែរចំណុចនោះ បានត្អូញត្អែររិះគន់ថា អស់រយះពេលជាច្រើនឆ្នាំកន្លងមកហើយ កំណាត់ផ្លូវលេខ២២ ដែលរងការខូតខាតនៅត្រង់ចំណុចខាងលើនេះ គឺរងការខូចខាតតាំងពីឆ្នាំទៅមកម្ល៉េះ ពុំដែលឃើញមានមន្រ្តីជំនាញមន្ទីរសាធារណការខេត្ត ឬក៏អាជ្ញាធរខេត្តធ្វើការជួសជុលឲ្យនោះឡើយ។
តាមការឲ្យដឹងពីឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ និងជាអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តបានបញ្ជាក់តាមរយៈទូរស័ព្ទថាចំពោះកំណាតផ្លូវលេខ២២ ដែលរងការខូចខាតខាងលើនេះខាងរដ្ឋបាលខេត្ត ពុំទាន់បានទទួលព័ត៌មានទេ ហើយលោកនិងចាត់ឲ្យមន្ត្រីចុះស្រាវជ្រាវលើករណីនេះបន្តថា តើខាងមន្ទីរជំនាញណាជាអ្នកទទួលបន្ទុកស្ថាបនាថែទាំផ្លូវជុំវិញក្រុងសំរោងនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅចំណុចភូមិខាងលើនេះ សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរខេត្តនឹងមន្រ្តីជំនាញនៃមន្ទីរសាធារណការ នឹងដឹកជញ្ជូនខេត្តនឹងមានការរៀបចំធ្វើការជួសជុលផ្លូវមួយខ្សែនេះឡើងវិញ បើពុំដូច្នេះទេផ្លូវនេះ នឹងបន្តរងការខូចខាតកាន់តែខ្លាំងឡើងបន្ថែមទៀត នឹងមានក្រឡុកធំៗជ្រៅៗឡើងជាក់ជាពុំខានឡើយ។
ករណីនេះ លោក ឈឿន ផល្លាង ប្រធានមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តឧត្តរមានជ័យមិនអាចទាក់ទងបានទេ៕អត្ថបទ៖ ឃិន សារិទ្ធ