ប្រភពពីមន្ត្រីរដ្ឋបាលអាមេរិក បានប្រាប់សារព័ត៌មាន POLITICO ថា សេតវិមានកំពុងរៀបចំផែនការសម្រាប់លទ្ធភាពនៃកិច្ចប្រជុំត្រីភាគីរវាងប្រធានាធិបតីអាមេរិក លោក Donald Trump មេដឹកនាំរុស្ស៊ី លោក Vladimir Putin និងលោក Volodymyr Zelenskiy របស់អ៊ុយក្រែន នៅរដ្ឋធានីប៊ុយដាប៉ែស របស់ហុងគ្រី ដើម្បីជាជំហានបន្ទាប់ដ៏សំខាន់នៅក្នុងកិច្ចចរចាបញ្ចប់សង្គ្រាមដ៏អូសបន្លាយរយៈពេលជាច្រើនឆ្នាំនៅអ៊ុយក្រែន។

របាយការណ៍បន្តថា សេវាសម្ងាត់អាមេរិក កំពុងត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំកំពូលនៅប្រទេសអឺរ៉ុបកណ្តាលមួយនេះ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán ដែលមានភាពស្និទ្ធស្នាលខ្លាំងជាមួយលោក Trump ចាប់តាំងពីលោកចូលកាន់តំណែងសេតវិមានអាណត្តិដំបូងមក។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt កាលពីថ្ងៃអង្គារ (១៩ សីហា) "មិនបានបញ្ជាក់ ឬបដិសេធទីតាំងនេះទេ" នៅពេលត្រូវបានអ្នកសាព័ត៌មានសាកសួរអំពីជំនួបនៅទីក្រុងប៊ុយដាប៉ែស។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះទាំងនោះលើកឡើងថា សេវាសម្ងាត់អាមេរិក ជាញឹកញាប់តែងត្រៀមទីតាំងជាច្រើនសម្រាប់ជំនួបកំពូលបែបនេះ ហើយកន្លែងចុងក្រោយអាចផ្លាស់ប្តូរបាន ប៉ុន្តែទីក្រុងប៊ុយដាប៉ែស កំពុងក្លាយជាជម្រើសដំបូងគេសម្រាប់សេតវិមាន។
សូមជម្រាបជូនថា លោក Putin បានប្រាប់លោក Trump ថា លោកចង់ធ្វើជំនួបនៅទីក្រុងមូស្គូ ហើយប្រធានាធិបតីបារាំង លោក Emmanuel Macron បានជំរុញឱ្យធ្វើនៅទីក្រុងហ្សឺណែវ ថាជាកន្លែងប្រជុំដ៏ល្អ។ ចំណែករដ្ឋមន្ត្រីការបរទេសស្វីសវិញក៏សន្យាផ្ដល់ "អភ័យឯកសិទ្ធិ" ដល់លោក Putin ផងដែរ ជុំវិញដីកាចាប់ខ្លួនឧក្រិដ្ឋកម្មសង្រ្គាមដ៏ចម្រូងចម្រាស ប្រសិនបើប្រទេសដែលត្រូវបានគេស្គាល់ថាមានអព្យាក្រឹតភាពមួយនេះ ត្រូវបានជ្រើសរើសជាទីតាំងសម្រាប់កិច្ចចរចាសន្តិភាពអ៊ុយក្រែន៕

