កោះតៃវ៉ាន់ មានផែនការពង្រីកឃ្លាំងអាវុធដ្រូនយ៉ាងខ្លាំង ដោយគ្រោងទិញយានដ្រូនជិត ៥០.០០០គ្រឿង ក្នុងពេលពីរឆ្នាំខាងមុខ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពយោធាដ៏ទន់ខ្សោយរបស់ខ្លួន ស្របពេលសម្ពាធយោធាដែលកំពុងកើនឡើងពីទីក្រុងប៉េកាំង។

យោងតាមសេចក្ដីជូនដំណឹងដេញថ្លៃនៅលើគេហទំព័រលទ្ធកម្មរបស់កោះនេះបានឱ្យដឹងថា អាជ្ញាធរការពារជាតិតៃវ៉ាន់ មានបំណងទទួលបានយានដ្រូនចំនួន ១១.២៧០គ្រឿង ក្នុងឆ្នាំ២០២៦ និងដ្រូនបន្ថែមចំនួន ៣៧.៤៨០គ្រឿងទៀត នៅឆ្នាំ២០២៧ ដែលលាតសន្ធឹងចំនួន ៥ប្រភេទ មានចាប់ពីដ្រូនជើងបួនរយៈចម្ងាយខ្លី រហូតដល់ដ្រូនដែលមានស្លាបថេររឹងអាចហោះបានជាង ១០គីឡូម៉ែត្រ។
គម្រោងនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់កោះ ឆ្ពោះទៅរកការចាត់ទុកយានដ្រូនជាទ្រព្យសម្បត្តិយោធា ហើយក៏ជាគោលនយោបាយឆ្លុះបញ្ចាំងពីការចាត់ថ្នាក់ឡើងវិញនាពេលថ្មីៗនេះដោយយោធាអាមេរិក ដែលបានកំណត់យានដ្រូនខ្នាតតូច និងមធ្យមថាជាឧបករណ៍ងាយប្រើប្រាស់។ ក្រុមមន្ត្រីទ័ពកោះតៃវ៉ាន់ បានជំរុញទស្សនៈនេះ ដោយពណ៌នាយានដ្រូនថាដូច «គ្រាប់រំសេវ» ដែលទាហានជួរមុខមិនគួរស្ទាក់ស្ទើរក្នុងការដាក់ពង្រាយឡើយ។
ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយមិនដែលបដិសេធក្នុងការប្រើកម្លាំងសម្រាប់ការបង្រួបបង្រួមនោះ បានបង្កើនសកម្មភាពយោធានៅជិតកោះនេះ ចាប់តាំងពីមេដឹកនាំកោះ លោក Lai Ching-te ចូលកាន់តំណែងកាលពីឆ្នាំមុនមក៕

