នាយករដ្ឋមន្ត្រីថៃដែលត្រូវបានព្យួរតំណែង គឺលោកស្រី Paetongtarn Shinawatra កំពុងប្រឈមនឹងបញ្ហា ក្នុងអាជីពនយោបាយរបស់លោកស្រី។ សម្រាប់សប្តាហ៍ទី២ លោកស្រី Paetongtarn បានខកខានចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ កាលពីម្សិលមិញ (ទី១៩ ខែសីហា) ដោយជំរុញឲ្យមានការលើកឡើងផ្សេងៗ ខណៈដែលលោកស្រីរៀបចំទៅផ្ដល់សក្ខីកម្ម នៅតុលាការ ក្នុងសំណុំរឿងក្រមសីលធម៌។

មេដឹកនាំវ័យ ៣៨ឆ្នាំដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ផងដែរនោះ បានអវត្តមានពីទិដ្ឋភាពនយោបាយ ចាប់តាំងពីត្រូវបានព្យួរតួនាទី កាលពីថ្ងៃទី១ ខែកក្កដា។ កាលពីថ្ងៃអង្គារ (ទី១៩ ខែសីហា) លោកស្រី គឺជារដ្ឋមន្ត្រីម្នាក់ ក្នុងចំណោមរដ្ឋមន្ត្រី ៣រូបដែលមិនបានចូលរួមកិច្ចប្រជុំនេះ។
ផ្ទុយទៅវិញ លោកស្រី Paetongtarn កំពុងរៀបចំសម្រាប់សវនាការរបស់តុលាការធម្មនុញ្ញ នាថ្ងៃទី២១ ខែសីហា នៅពេលដែលលោកស្រីនឹងផ្តល់សក្ខីកម្ម ដើម្បីការការពារខ្លួន។ សំណុំរឿងរបស់លោកស្រី ដែលបង្កឲ្យមានភាពច្របូកច្របល់ក្នុងចំណោមសមាជិកព្រឹទ្ធសភា ត្រូវបានគេចាត់ទុកថា ធ្វើឲ្យខូចដល់សន្តិសុខ និងសីលធម៌ជាតិ។ តុលាការគ្រោងនឹងប្រកាសសេចក្ដីសម្រេចនៅថ្ងៃទី២៩ ខែសីហា ជាសាលក្រមដែលអាចបញ្ចប់ជោគវាសនានយោបាយរបស់លោកស្រី៕